(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានស្នើ និងផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក អង្គភាព និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅតាមភូមិសាស្រ្តខេត្តកំពត នៃព្រំដែនគោក ព្រំដែនទឹកឱ្យបានល្អបន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់រូបភាពពាក់ព័ន្ធការលួចឆ្លងដែនខុសច្បាប់ ពិសេសត្រូវពិនិត្យឱ្យបានហ្មតចត់ដាច់ខាតការឆ្លងដែនដែលមិនបានធ្វើតេស្ត ឬត្រួតពិនិត្យអំពីសុខភាព។
ការស្នើនិងផ្ដាំផ្ញើបែបនេះ របស់លោកអភិបាលខេត្ត បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់កងកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោក លេខ៦០១ ឈរជើងនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម, កងទ័ពវរៈសេនាតូចការពារព្រំដែនគោក លេខ២ និងវរៈសេនាតូចនគរបាលការពារព្រំដែនទឹក លេខ២៤១ ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២១។ ការជួបសំណេះសំណាលនិងសួរសុខទុក្ខនេះ ធ្វើឡើងនាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពត។
លោក ជាវ តាយ បានបន្តថា នៅក្នុងដំណាក់កាលនៃប្រទេសជាតិ ជួបប្រទះបញ្ហាការឆ្លងរាលដាលកូវីត១៩ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើងការពារនៅក្នុងភូមិសាស្ត្រខេត្តកំពត តែងតែបានចូលរួមគ្រប់សកម្មភាពអនុវត្តយ៉ាងសកម្មរាល់បទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចការណែនាំរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តបានយ៉ាងល្អ និងមានប្រសិទ្ធភាព។
ទន្ទឹមនេះ លោក ជាវ តាយ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងឯកភាពកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់សហការគ្នា ចូលរួមគាំទ្រយ៉ាងសកម្មក្នុងការអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ដើម្បីថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ នៅតាមខ្សែបន្ទាត់ព្រំដែនមានស្ថេរភាពល្អប្រសើរ ជាពិសេសការងារបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មានប្រសិទ្ធភាពនៅក្នុងភូមិសាស្ត្រខេត្តកំពត នាពេលកន្លងមក។
លោកអភិបាលខេត្ត ក៏បានអំពាវនាវឱ្យគ្រប់ដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តផ្សព្វផ្សាយ និងជំរុញការចូលរួមអនុវត្តនូវពាក់ព័ន្ធវិធានការសុខាភិបាល «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំថែមទៀត។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ជាវ តាយ បានប្រគល់ថវិកា និងគ្រឿងឧបភោគ បរិភោគ ដល់កងកម្លាំង ទាំង៣អង្គភាពខាងលើ ក្នុងមួយអង្គភាពទទួលបាន រួមមាន៖ ថវិកាចំនួន ១០លានរៀល, មី១០កេសធំ, ម៉ាស់ចំនួន៥,០០០ម៉ាស់, អាល់កុលចំនួន ២កាន, ត្រីខ១០កេស, អង្ករ ៥០០គីឡូក្រាម។
លោក ជាវ តាយ ក៏បាន ប្រគល់ជូននូវសម្ភារៈប្រើប្រាស់បម្រើឱ្យសកម្មភាពបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងយន្តការសកម្មភាពពាក់ព័ន្ធដំណើរការការងាររៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខនេះ ជូនដល់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត រួមមាន៖ ម៉ាស៊ីនវាស់កំដៅចំនួន៣០គ្រឿង, អាកុលចំនួន២៤០លីត្រ, ម៉ាស់២៨០ប្រអប់ និងស្រោមដៃចំនួន៩៣ប្រអប់ ផងដែរ៕