(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានកត់សម្គាល់ពីបងប្អូនខ្មែររស់នៅក្រៅព្រះនគរ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះថា សព្វថ្ងៃបើនិយាយពីមនុស្សលោករស់នៅលើភពផែនដីនេះ គឺកំពុងតែរស់នៅក្នុងការវិវត្តសម័យកាលថ្មីមួយដ៏អស្ចារ្យគឺត្រចៀក ទិព្វ ភ្នែក ទិព្វ មាត់ ទិព្វដូចអ្វីដែល ពាក្យចាស់បុរាណខ្មែរធ្លាប់តែដំណាលនិងនិទាន ក្នុងរឿងព្រេង ពីព្រោះទោះ ជារស់នៅឆ្លងទ្វីបពីគ្នា រាប់ម៉ឺនគីឡូម៉ែត្រ ឬម្ខាងនៅលើផែនដីហើយម្ខាងទៀតនៅលើលំហ អាកាសក៏យើងអាចមើលឃើញគ្នា និយាយសន្ទនាគ្នា ស្តាប់ឮសំឡេងពីគ្នា ហាក់នៅក្បែរគ្នាដូចដែលទស្សនៈវិស័យ របស់ចាស់បុរាណខ្មែរមានដំណាល និងរំពឹងទុកមែន។
ជាក់ស្តែងដូចដែលយើងឃើញនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ បើមើលពីប្រទេសខ្មែរទៅប្រទេសនានាលើភពផែនដី គឺយើងឃើញបងប្អូនខ្មែរ ដែលរស់នៅតាមបណ្ដាប្រទេសនានា បានប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌមានភាពរស់រវើក ឬពុំសូវរស់រវើកទៅតាមវិធានការ និងគោលការណ៍នៃប្រទេសនីមួយៗក្នុងបរិបទកូវីដ។ ដោយឡែក បើយើងក្រទ្បេកមើលតាមទំព័រ Facebook វត្ដខ្មែរ ហៅ វត្ដរស្មីខេមរារាម នៅខេត្ដម៉ាន់តូវ៉ា (Mantova) ប្រទសអ៉ីតាលីវិញ យើងឃើញបងប្អូនខ្មែរដែលកំពុងរស់នៅទីនោះ បានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌទៅតាមគន្លងប្រពៃណីជាតិប្រកបដោយភាពរស់រវើក និងស្រស់បំព្រង។
លោក រ័ត្ន សណ្ដាប់ បន្ដថា ស្ថិតក្នុងបរិយាកាសដ៏ប្រពៃថ្លៃថ្លាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ បើនិយាយពីវត្ដរស្មីខេមរារាម គឺជាវត្ដខ្មែរ មានតែមួយគត់នៅក្នុងប្រទេសអ៉ីតាលី ហើយក៏ជាវត្ដទើបនឹងកកើតថ្មីៗមិនយូរប៉ុន្មានផងដែរ។ ទន្ទឹមនេះ បើនិយាយពីសាវតារភូមិសាស្រ្ដទឹកដីអ៉ីតាលីនេះទៀតសោត គឺជាចក្រភពរ៉ូម (Roma) មានអារ្យយធម៌ចំណាស់ និងសំបូរបែបនៅអឺរ៉ុប គឺមិនខុសពីចក្រភពខ្មែរនាសម័យអង្គរនោះទេ។
សព្វថ្ងៃអ៉ីតាលី ជាប្រទេសស្ថិតក្នុងសហគមអឺរ៉ុប ហើយមានប្រជាជនខ្មែររស់នៅតិចជាងគេនៅក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកលូតលាស់ខ្លំាងនៅសហគមអឺរ៉ុប។ បើដូចនេះ អ្វីដែលគួរឲ្យសាទរដល់បងប្អូនខ្មែរយើងរស់នៅប្រទេសអ៉ីតាលីនោះ គឺក្នុងទឹកចិត្តស្រឡាញ់ទំនៀមទម្លាប់ប្រពៃណី សាសនាដូនតាខ្លួន បងប្អូនខ្មែរយើងដែលរស់នៅខេត្តផ្សេងៗពីគ្នា មានចំងាយរាប់រយគីឡូម៉ែត្រពីវត្ត បានខំស្កាត់មកធ្វើបុណ្យនៅទីវត្តអារាមនេះយ៉ាងសស្រាក់សស្រំា។ ដោយអ្នកខ្លះ ត្រូវមកមួយថ្ងៃ ឬពីរថ្ងៃមុនប្រារព្វពិធីបុណ្យម្តងៗ ហើយអ្នកខ្លះត្រូវសំរាកនៅផ្ទះបងប្អូន អ្នកខ្លះទៀតសំរាកនៅផ្ទះមិត្តភក្តិ ឬផ្ទះបងប្អូនខ្មែរៗ ដែលស្គាល់គ្នាប្រកបដោយភាពស្និទ្ធស្នាលនិងល្អូកល្អើន។
តួយ៉ាងដូចជាពីខេត្ដលេកកូ (Lecco) មកវត្តខេមរារាម មានចំងាយផ្លូវ ១៥០គីឡូម៉ែត្រ, ពីខេត្ដពីស្សា (Pisa) មានចំងាយផ្លូវជិត ២០០គីឡូម៉ែត្រ, ពីខេត្ដតូស្កាណា (Toscana) មានចំងាយផ្លូវជាង ២០០គីឡូម៉ែត្រ, ពីទីក្រុងរ៉ូមមានចំងាយផ្លូវជាង ៥០០គីឡូម៉ែត្រជាដើម។ ចំពោះទិដ្ឋភាពបងប្អូនខ្មែរនៅអ៉ីតាលី ធ្វើបុណ្យភ្ជុំបិណ្ឌដ៏ប្រពៃនេះ គឺបង្ហាញអំពីការរួមកម្លំាងសាមគ្គីគ្នាជាធ្លុងមួយ ដែលមានវត្ដជាចំណុចកណ្ដាល ក្នុងការថែរក្សាប្រពៃណីទំនៀមទម្លាប់ កេរ្ដិ៍ដំណែលដូនតាខ្លួនតំាងពីដើមរៀងមក។
បើនិយាយអំពីគុណតម្លៃវត្ដនេះទៀតសោត គឺមិនថាបងប្អូនខ្មែរនៅប្រទេសអ៉ីតាលី ឬប្រទេសណាៗនោះទេបើទោះបីជាវត្ដនោះ ពុំទាន់មានចនាបថខ្មែរក្ដី តែចំពោះការបង្កើតវត្ដ គឺជាការថែរក្សាប្រពៃណីទំនៀមទម្លាប់ វប្បធម៌ សាសនាដ៏ល្អផូរផង់របស់ជាតិយើង ដើម្បីទុកឲ្យកូនខ្មែរនៅទីនោះ បានស្គាល់អំពីគុណតម្លៃប្រពៃណីជាតិខ្លួន។ បានន័យថា ខ្មែរទោះជារស់នៅប្រទេសណាក្ដី កន្លែងណាក្ដី ឬមានគ្នាតិចក្ដី ឬច្រើនក្ដី គឺខ្មែរពុំបានបោះបង់ ឬទាត់ចោលប្រពៃណីដូនតាខ្លួននោះទេ។ នេះហើយជា គុណតម្លៃកុលបុត្រកុលធីតាខ្មែរ ដែលទ្រទ្រង់មាតុភូមិដ៏កម្រត់របស់យើងអស់ជាច្រើនទសវត្ស បានរួចផុតពីការស្លាប់ ហើយមានជីវិតតរៀងទៅ។
បើពោលក្នុងទស្សន:ជាតិនិយមបានសេចក្ដីថា ខ្មែរទំាងក្នុងព្រះនគរ និងក្រៅព្រះនគរ គឺជាខ្មែរតែមួយ ដែលស្រទ្បាញ់ជាតិ ទំនៀមទម្លាប់ប្រពៃណីដូនតាខ្លួនដូចតែគ្នា គឺពុំមែនមានន័យថាបងប្អូនខ្មែរដែលរស់នៅក្រៅព្រះនគរ គឺជាអ្នករត់ចោល ឬបោះបង់ចោលស្រុកទេស ឬប្រពៃណីខ្លួនឡើយ។ មួយវិញទៀត ក៏បានឆ្លុះបញ្ចំាងផងដែរ អំពីទំព័រប្រវត្ដិសាស្រ្ដពីការនិរាសព្រាត់ប្រាស់មាតុភូមិ ឪពុកម្ដាយក្រុមគ្រួសារសាច់សាលោហិតជាទីស្រទ្បាញ់ខ្លួននេះ គឺបណ្ដាលមកពីសង្រ្គាមផ្ទៃក្នុងដ៏រុំារ៉ៃ និងការបែកបាក់មហាគ្រួសារខ្មែរកាលពីអតីតកាលនេះផងដែរ ដើម្បីឲ្យយើងម្នាក់ៗចងចំាថាមានតែការសាមគ្គីខ្មែរតែមួយទេ ទើបព្រះនគរ បានរុងរឿងដូចសម័យអង្គរ។
បើដូច្នេះក្នុងទស្សន:ខ្មែរពាក្យថាវត្ដ តំាងពីដើមរៀងមក គឺជាឃ្លំាងទុកក្បួនគម្ពីរខ្មែរ ជាកម្លំាងសាមគ្គីខ្មែរតែមួយ តាមរយ:ការរួមសាមគ្គីជាថវិកា ជាកម្លំាងកាយចិត្ដតាមសុទ្ធាជ្រះថ្លារៀងៗខ្លួន។ អ្វីកាន់តែពិសេសថែមទៀតនោះជាទូទៅក្រោយពីប្រគេនចង្ហាន់ព្រះសង្ឃរួច គេតែងនំាគ្នារៀបចំអាហារញំាបាយជុំគ្នា ប្រកបដោយភាពសិទ្ធិស្នាល រួសរាយរាក់ទាក់យ៉ាងសប្បាយរីករាយ។
ជាចុងក្រោយស្ថិតក្នុងពិធីភ្ជុំបិណ្ឌដ៏ប្រពៃនេះ សព្វថ្ងៃដោយព្រះនគរយើងរស់ក្នុងសុខសន្ដិភាព បានផ្ដល់ឱកាសឲ្យយើងបានមើលឃើញគ្នាទៅវិញទៅមករវាងបងប្អូនខ្មែរ ទំាងក្នុង និងក្រៅព្រះនគរ ដូចពាក្យពុំនោលចាស់បុរាណខ្មែរបានដំណាលទុក។ បើដូចនេះ ចំពោះការរួមកម្លំាងគ្នាជួយគ្នាទៅវិញទៅមក គឺជាគុណតម្លៃរបស់ខ្មែរតំាងដើមរៀងមក ដូចជាថ្មីៗនេះវត្ដរស្មីខេមរារាម បានជាវដី ក្នុងការពង្រីកទីតំាងវត្ដបន្ថែមទៀតដើម្បីឲ្យសាកសមជាទីសក្ការ:បូជានោះ គឺលោក រ័ត្ន សណ្តាប់ និងលោកស្រីឧកញ៉ា សូ រ៉ូសលីន បានចូលជាបច្ច័យចំនួន ២០០០យូរ៉ូ និងការចូលរួមផ្សេងៗទៀត ជាមួយនឹងបងប្អូនខ្មែរនៅប្រទេសអ៉ីតាលី ដើម្បីឲ្យវត្ដផុសត្រដែតទ្បើង ដើម្បីបង្ហាញពីអរិយធម៌ទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់របស់ខ្មែរយើង នៅលើទឹកដីដែលមានអរិយធម៌ដ៏បរមបុរាណនៅក្នុងសហគមអឺរ៉ុបមួយនេះ។
បើដូច្នេះចំពោះកម្លំាងរួមគ្នាខ្មែរនៅអ៉ីតាលី និងសប្បុរសជនជិតឆ្ងាយនានានៅគ្រប់ទិសទី ទៅថ្ងៃអនាគត វត្ដខ្មែរនឹងអាចរៀបចំឲ្យទៅជាវត្ដមានរចនាបថខ្មែរ ដើម្បីបង្ហាញឲ្យកូនខ្មែរ ក៏ដូចជាជនជាតិនានានៅសហគមអឺរ៉ុបបានឃើញ បានស្គាល់ពីខឿនអរិយធម៌ដ៏បរមបុរាណរុងរឿងរបស់ខ្មែរ នៅលើទឹកដីអ៉ីតាលីជាដែនដីចក្រភពរ៉ូម ដែលមានអរិយធម៌ដ៏បរមបុរាណសំបូរបែបនៅអឺរ៉ុប៕