(ភ្នំពេញ)៖ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានដឹកនាំក្រុមការងារធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ជុំទី៣ ដែលបានដំណើរការទៅយ៉ាងជោគជ័យនៅទូទាំង២៥រាជធានី-ខេត្ត។ លោកបានបញ្ជាក់ថា ក្រុមការងារចំនួន ៣ក្រុម សម្រាប់យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាខេត្តទាំង២៤ បានចាប់ចុះប្រតិបត្តិការពីថ្ងៃទី៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ហើយរាជធានីភ្នំពេញជាគោលដៅសរុបរួម ដែលយើងទើបបញ្ចប់ការបាញ់ថ្នាំនៅតាមផ្សាររដ្ឋទាំង ២៥ នថ្ងៃទី២ខែតុលានេះ។ ជាលទ្ធផល យើងបានបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងសរុបចំនួន ២២៤ទីតាំង គិតជាផ្ទៃក្រឡាស្មើនឹង ៣.០០៦.៩៦៩ម៉ែត្រការ៉េ។ ទីតាំងដែលបានបាញ់ថ្នាំសម្លាប់មេរោគភាគច្រើន គឺជាទីតាំងមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ផ្សារ សាលារៀន មន្ទីរពេទ្យ និងទីកន្លែងសាធារណៈផ្សេងទៀត ដែលសុទ្ធតែជាទីតាំងដែលមានហានិភ័យខ្ពស់ដែលអាចកើតមានការឆ្លងជំងឺកូវីដ-១៩។
លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានបន្ថែមថា នេះជាលើកទី៣ហើយ ដែលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានរៀបចំនិងសម្របសម្រួលយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគជូនប្រជាពលរដ្ឋយើង។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាម វ.ស.ស. លោកបានថ្លែងអំណរគុណចំពោះកងកម្លាំងនៃកងសង្គ្រោះបន្ទាន់៧១១ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ក្រោមការបញ្ជាផ្ទាល់របស់ឧត្តមសេនីយឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ និងការណែនាំចង្អុលបង្ហាញរបស់ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ លោកក៏បានសំដែងការកោតសរសើរផងដែរចំពោះរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងបានសម្របសម្រួលឱ្យការងារបាញ់ថ្នាំនេះសម្រេចបានលទ្ធផលគួរជាទីមោទនៈ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការការឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ ជាពិសេសក្នុងឱកាសមុនការបើកសាលារៀនឡើងវិញ និងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីយជាតិ។
ក្នុងអំឡុងពេលចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនេះ វ.ស.ស.ក៏បានរៀបចំពិធីសំណេះសំណាលជាមួយអង្គការសង្គមស៊ីវិលនៅតាមបណ្តាខេត្តផងដែរ ដោយបានពាំនាំនូវការសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដល់អង្គការសង្គមស៊ីវិលនៅតាមខេត្តនីមួយៗ
ក្នុងពេលដែលកម្ពុជាបាននិងកំពុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ វ.ស.ស.ព្រមទាំងបាននាំយកនូវសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល និងអំណោយរបស់អង្គការដៃគូជាមិត្តចែកជូនតំណាងអង្គការសង្គមស៊ីវិល សម្រាប់ជាការចូលរួមចំណែកទប់ស្កាត់ជំងឺរាតត្បាតនេះ។
វ.ស.ស. ដែលជាអង្គភាពសម្របសម្រួលការងារសង្គមស៊ីវិលនៅកម្ពុជា តែងបានកៀរគរនូវជំនួយសប្បុរសធម៌និងមនុស្សធម៌នានា តាមរយៈដៃគូសង្គមស៊ីវិលទាំងជាតិនិងទាំងអន្តរជាតិ ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងបំពេញនូវតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ក្នុងស្មារតីចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។