(កោះកុង)៖ លោក សឿន រឿត ប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានស្រុកកោះកុង ខេត្តកោះកុង បានជំរុញដល់ថ្នាក់ ក្រុមការងារ មន្ត្រីគណបក្សគ្រប់រូប ត្រូវសហការសាមគ្គីគ្នាឱ្យបានសកម្ម ជួយគាំទ្រដល់គ្រប់ឃុំ-សង្កាត់ ដែលខ្លួនម្នាក់ៗទទួលបន្ទុកនោះ ដើម្បីរក្សា និងបង្កើនយកប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទូទាំងប្រទេស។

ការជំរុញបែបនេះ របស់លោក សឿន រឿត បានធ្វើឡើង ក្នុងបិទកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១។

នាឱកាសនោះដែរ ប្រធានក្រុមការងារចុះជួយមូលដ្ឋានរូបនេះ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ គឺកត្តាស្លាប់រស់ដ៏សំខាន់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា នៅឆ្នាំ២០២៣ខាងមុខនេះ ដែលជាលទ្ធផលសម្រាប់រៀបចំនាយករដ្ឋមន្ត្រីដឹកនាំប្រទេស ឱ្យមានភាពរីកចម្រើនបន្តទៅមុខទៀត។

លោកថា ដើម្បីឱ្យការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ ឱ្យទទួលបានជោគជ័យ ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់តាមសេចក្តីសម្រេច សេចក្តីណែនាំ របស់គណកម្មាធិ-ការកណ្តាល និងផែនការមេរបស់គណបក្សខេត្ត និងគណបក្សស្រុកដែលបានដាក់ចេញ។

លោក សឿន រឿត ក៏សូមថ្លែងអំណរគុណចំពោះ អស់លោក ដែលបានចូលរួមយោបល់ ផ្តល់បទពិសោធន៍ ដែលជាធាតុចូលដ៏សំខាន់សម្រាប់ក្រុមការងារគណបក្ស ក្នុងការគិតគូរ ពិចារណាការងារគ្រប់ផ្នែក ដើម្បីឆ្ពោះត្រៀមរៀបចំសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកកោះកុង ខេត្តកោះកុង ឱ្យសម្រេចជោគជ័យ តាមផែនការ និងតាមសេចក្តីរបស់គណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានប្រគល់ជូន។

បើពិនិត្យទៅលើពេលវេលា ដែលត្រូវអនុវត្តការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អណត្តិទី៥ នៅថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២២ គឺនៅសល់តែរយៈពេលជិត ៩ខែទៀតទេ ប៉ុន្តែការងារយើងដែលនៅសេសសល់ ទាមទារឱ្យមានការចូលរួម សហការគ្នាកាន់តែជិតស្និត និងសកម្មភាពថែមទៀត។ យោងតាមស្មារតីប្រជុំពិភាក្សានាថ្ងៃនេះ លោកសូមស្នើឱ្យមាជិក សមាជិកាទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តការងារដូចខាងក្រោម៖

ទី១៖ អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ លិខិតបទដ្ឋានផ្សេងៗរបស់គណកម្មាធិការកណ្តាល និងផែនការសកម្មភាពការងាររបស់គណបក្សខេត្ត ស្រុក ដែលបានដាក់ចេញ។

ទី២៖ រៀបចំផែនការយុទ្ធនាការសម្រាប់ស្រុកកោះកុង ឱ្យបានរួចរាល់នៅសប្តាហ៍ទី២ ខែតុលា ឆ្នាំ២០២២ ដើម្បីផ្ញើជូនគណបក្សខេត្ត និងក្រុមការងារចាត់តាំងអនុវត្ត។

ទី៣៖ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក ក្រុមការងារបក្សខេត្តចុះជួយស្រុក ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំនីមួយៗ គណកម្មាធិការបក្សស្រុក និងគណកម្មាធិការបក្សឃុំ ពិនិត្យលទ្ធភាពថវិកាចូលរួមគាំទ្រកិច្ចការនេះ តាមសេចក្តីព្រាងគម្រោងផែនការថវិកាយុទ្ធនាការបោះឆ្នោត នាពេលខាងមុខ។

ទី៤៖ គណៈកម្មាធិការបក្សស្រុក រៀបចំបញ្ជីឈរឈ្មោះបោះឆ្នោតក្នុងឃុំទាំង៤តាមស្មារតីប្រជុំនាថ្ងៃនេះ ដើម្បីផ្តល់ជូនគណកម្មាធិការបក្សខេត្ត ឱ្យបានទាន់ពេលវេលាតាមកាលកំណត់។

និងទី៥៖ រៀបចំសេចក្តីសម្រេច ស្តីពីការបង្កើតគណកម្មការរៀបចំបញ្ជីឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំទាំង៤ ឱ្យបានរួចរាល់នៅក្នុងសប្តាហ៍ទី២ ខែតុលា ឆ្នាំ២០២២នេះ។

នាឱកាសនោះដែរ ប្រធានក្រុមការងារក៏បានឧបត្ថម្ភម៉ាសចំនួន៥០០បន្ទះ, កុំព្យូទ័រយួដៃ១គ្រឿង ទឹកថ្នាំព្រីនធ័រ ១កេស និងដងបញ្ចាំងស្លាយ១ ផងដែរ៕