(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ បានប្រោសប្រទានអំណោយដល់ គណៈគ្រប់គ្រង មន្រ្តីរាជការ សាស្រ្តាចារ្យ ចំនួន១០០រូប នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ។

សម្តេចព្រះសាកលវិទ្យាធិការ បានមានសង្ឃដីការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងកក់ក្តៅ ចំពោះទឹកចិត្តដ៏ថ្លៃថ្លា គណៈគ្រប់គ្រង មន្រ្តីរាជការ សាស្រ្តាចារ្យ គ្រប់រូប ដែលបានខិតខំលះបង់ពេលវេលា កម្លាំងកាយចិត្តស្មារតីបញ្ញា ក្នុងការបំពេញការងារនិងបង្ហាត់ បង្រៀន សមណនិស្សិត និស្សិត ក្នុងបរិបទនៃជំងឺកូវីដ១៩ ក្នុងបេសកកម្មរបស់មហាគ្រួសារ PSB University មនុស្សធម៌ អប់រំ ផ្សព្វផ្សាយ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ក្នុងវឌ្ឍនភាពការងារ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅសកម្មភាពមនុស្សធម៌-អប់រំ និងផ្សព្វផ្សាយផ្តល់ការអប់រំ ដោយឥតបង់ថ្លៃសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា ព្រះរាជអំណោយសង្គហទាន សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសប្រទានដល់គណៈគ្រប់គ្រង មន្រ្តីរាជការ សាស្រ្តាចារ្យ ចំនួន១០០រូប នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានេះ គឺក្នុងម្នាក់ៗទទួលបាននាពេលនេះរួមមាន អង្ករ ៥០គីឡូ មី១កេស និងទឹកផ្លែឈើរ១កេសផងដែរ៕