(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ចេញប្រកាសស្ដីពីការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មការីទេសចរណ៍ក្នុងស្រុក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីលើកកម្ពស់សុវត្ថិភាពទេសចរណ៍នៅកម្ពុជា។ នេះបើតាមប្រកាសរបស់ក្រសួងទេសចរណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះ។

យោងតាមប្រកាសខាងលើនេះ ក្រសួងទេសចរណ៍បានបញ្ជាក់ថា លក្ខខណ្ឌសម្រាប់វាយតម្លៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មការីទេសចរណ៍ក្នុងស្រុក ក្នុងដំណាក់កាលការរីករាលដាលនៃជំងឺឆ្លងកូដ-១៩ ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធ១នៃប្រកាសនេះ (ភ្ជាប់នៅខាងក្រោម)។

ក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថា វិធានសុវត្ថិភាពទេសចរណ៍នេះ ត្រូវបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ច និងជាលក្ខខណ្ឌបន្ថែមក្នុងការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍។

ខ្លឹមសារក្នុងប្រកាសដដែលនេះបានសង្កត់ធ្ងន់ថា អាជីវកម្មការីទេសចរណ៍ក្នុងស្រុក ដែលបំពេញបានលក្ខខណ្ឌដូចមានកំណត់ក្នុងឧបសម្ព័ន្ធ១នៃប្រកាសនេះ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់ជា «ការីទេសចរណ៍ក្នុងស្រុកដែលមានសុវត្ថិភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩» ដូចមានកំណត់ក្នុងឧបសម្ព័ន្ធ២នៃប្រកាសនេះ។ ប៉ុន្តែប្រសិនបើមិនបានអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍នេះទេនោះ «នឹងក្លាយជាកម្មវត្ថុនៃការព្យួរអាជ្ញាបណ្ណ ឬការផ្អាកសកម្មភាពទេសចរណ៍ជាបន្ទាន់» ស្របតាមមាត្រា៤៤ កថាខណ្ឌទី២ នៃច្បាប់ស្តីពីទេសចរណ៍។

វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មការីទេសចរណ៍ក្នុងស្រុកនេះ ត្រូវបានដាក់ឱ្យអនុវត្តក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ ហើយអាចនឹងបន្តក្នុងដំណាក់កាលបន្តទៀតតាមការចាំបាច់៕

ខាងក្រោមនេះជាប្រកាសរបស់ក្រសួងទេសចរណ៍៖