(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (ស.យ.ម.ក) បានអញ្ជើញជាអធិបតីភាព និងដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយក្បាលម៉ាស៊ីនរចនាសម្ព័ន្ធ ជាសាខាតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាចំនួន១៣ នៅរាជធានីភ្នំពេញ ព្រមទាំងថ្នាក់កណ្តាល។
កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងស្មារតី ដំណោះស្រាយបញ្ហានានា ក្នុងស្រទាប់យុវជនជានិស្សិតនៅតាមសកាលវិទ្យាល័យនានា ព្រមទាំងដាក់ចេញនូវផែនការសកម្មភាពសំខាន់ៗ សំដៅការអនុវត្តឲ្យបានកាន់តែផលផុស និងសកម្មថែមទៀត។
ក្នុងនាមថ្នាក់ដឹកនាំចាស់ព្រឹទ្ធាចារ្យ ដែលកើតចេញពីការតស៊ូតាំងពីនៅជាយុវជន លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានមានផ្តល់មគ្គុទ្ទេសក៍ និងការពង្រឹងស្មារតីយុវជនយុវនិស្សិត តំណាងពីសាកលវិទ្យាល័យនានា អោយខិតខំប្រឹងប្រែងទាំងការសិក្សា និងត្រូវដាក់ចេញនូវគោលដៅប្រកបដោយសុឆន្ទៈខ្ពស់ វែងឆ្ងាយ ដោយត្រូវចាប់ផ្តើមពង្រឹងការអនុវត្តពីពេលនេះតទៅទើបអាចយើងមានលទ្ធភាពក្នុងការឈោងចាប់នូវក្តីសុបិន្តរបស់យើងដែលនៅរងចាំយើងនៅពេលខាងមុខ។
លោកបានបន្តថា ការដែលអាចក្លាយទៅជាយុវជនដែលជោគជ័យ និងត្រូវបានសង្គមទទួលស្គាល់ ប្អូនៗត្រូវធ្វើខ្លួនអោយក្លាយជាយុវជនដែលសង្គមត្រូវការ ត្រូវមានវិន័យ ត្រូវចេះលះបង់លៃលោកពេលវេលាដើម្បីចូលរួមស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម។
កិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធ Zoom ខាងលើ បានធ្វើឡើងអស់រយៈពេលកន្លះថ្ងៃពេញ ដែលមានការចូលរួមមតិ និងទស្សនៈល្អៗពីថ្នាក់ដឹកនាំ ដើម្បីឆ្លើយតប និងជាត្រីវិស័យដល់យុវជន ឲ្យទទួលបាននូវពុទ្ធិ និងការបើកផ្លូវឲ្យពួកគាត់ឲ្យកាន់តែស៊ីជម្រៅ និងមានក្តីសង្ឃឹមសម្រាប់កិច្ចខិតខំប្រឹងរបស់ពួកគេនៅពេលអនាគត។
អង្គប្រជុំក៏បានឯកភាពលើសំណើរបស់យុវជនពីសំណើរបស់យុវជនតំណាងពីសាកលវិទ្យាល័យនានា ជាពិសេសផែនការសកម្មភាពសំខាន់ៗ ក្នុងបុព្វហេតុសង្គមជាតិ ដែលត្រូវអនុវត្តចាប់ពីពេលនេះ ជាពិសេសការជំរុញអនុវត្តឲ្យកាន់តែសកម្មថែមទៀតនៅពេលខាងមុខក្រោយវិបត្តិកូវីដ១៩៕