(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយុវជនកម្ពុជាជាង ៤ពាន់នាក់ បានទទួលវគ្គបណ្តុះបណ្តាលរបស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលមានឈ្មោះថា «ត្រៀមខ្លួនសម្រាប់ការធ្វើអាជីវកម្ម» តាមរយៈ «កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការផេក (Pact Cambodia) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃ៣ ខែតុលា ឆ្នាំ២០២១។
អង្គការផេក បានចែករំលែកនូវព្រឹត្តិការណ៍ថ្មីរបស់ខ្លួនស្តីអំពី «កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន» ក្នុងទិវាសហគ្រិនភាពឆ្នាំ២០២១ ដែលបានប្រព្រឹត្តទៅកាលពីចុងខែកញ្ញា
តាមរយៈការផ្សាយផ្ទាល់ពីទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា។
«កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន» ត្រូវបានរៀបចំឡើងដោយ នាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ អង្គការអន្តរជាតិខាងការងារ (ILO) ក្រោមការឧបត្ថម្ភ និងគាំទ្រដោយ ទីភ្នាក់ងារជំនួយអាមេរិក (USAID) និងអង្គការផេក (Pact Cambodia) កម្មវិធីមុខរបរ និងការងារសម្រាប់យុវជនកម្ពុជា (DEY) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) រដ្ឋាភិបាលជប៉ុន ក្រុមហ៊ុន Smart Axiata និងធនាគារវីង (Wing)។
កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់លើសមត្ថភាព និងចំណេះដឹងផ្នែកសហគ្រិនភាពដល់យុវជន ដើម្បីធ្វើឲ្យប្រសើរឡើងលើជំនាញមូលដ្ឋាន និងបុគ្គលិកលក្ខណៈដែលជាតម្រូវការដើម្បីក្លាយជាសហគ្រិនជោគជ័យ និងជំនាញដែលជាតម្រូវការសម្រាប់និរន្តរភាពសហគ្រាស ដោយការប្រើប្រាស់បចេ្ចកវិទ្យាឌីជីថល។ កម្មវិធីនេះជួយជំរុញទឹកចិត្តលើការរៀនសូត្រជាដៃគូ និងការចែករំលែកចំណេះដឹងចំណោមយុវជនលើវេទិកានិម្មិត។
យុវជនកម្ពុជាចំនួន ៤,៤២២នាក់ បានទទួលវគ្គបណ្តុះបណ្តាលរបស់អង្គការអន្តរជាតិខាងការងារ (ILO) មានឈ្មោះថា «ត្រៀមខ្លួនសម្រាប់ការធ្វើអាជីវកម្ម»(Ready for Business (R4B)។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល សិស្សានុសិស្ស បានបង្កើតក្រុម និងបង្កើតគំនិតអាជីវកម្មរបស់ពួកគេ។ ក្រុមចំនួន៥ ត្រូវបានជ្រើសរើសចេញពី អ្នកជាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចំនួន២៥ក្រុម មកពី២៥ខេត្ត និងបានធ្វើបទបង្ហាញពីគំនិតអាជីវកម្មរបស់ពួកគេ ក្នុងទិវាសហគ្រិនភាពក្នុងឆ្នាំ២០២១៕
សូមទស្សនាវីដេអូ៖ https://www.facebook.com/moeys.gov.kh/videos/259637192830881