(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានចេញមកព្រមានពីការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ប្រសិនបើបុគ្គលមួយក្រុមណានោះសប្បាយភ្លេចការពារខ្លួន ឬខ្វះការប្រុងប្រយ័ត្ន ក្នុងអំឡុងពេលឈប់សម្រាកនេះ។

ការដេញមកព្រមានរបស់លោកស្រី ឱ វណ្ណឌីន ធ្វើឡើងបន្ទាប់ពីមានរូបភាពត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គម ដែលមានការប្រមូលផ្ដុំមនុស្សច្រើនហួសប្រមាណ និងខ្វះចន្លោះនូវវិធានការសុខាភិបាល ពិសេសការពារម៉ាស់ និងមិនរក្សាគម្លាតសុវត្ថិភាពបុគ្គល ដែលនាំឲ្យមានការឆ្លងរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩។

លោកស្រី ឱ វណ្ណឌីន បានរៀបរាប់យ៉ាងដូច្នេះថា៖

«ខ្ញុំសូមក្រើនរំលឹកថា សូមកុំឲ្យការសប្បាយភ្លេចខ្លួនរបស់បុគ្គលមួយក្រុមណានោះ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក្លាយទៅជាការបង្កហេតុ នៃការចម្លងរោគកូវីដ-១៩ រាតត្បាតធំធេងដល់គ្រួសារ និងអ្នកដទៃនៅក្នុងសហគមន៍ដែលបុគ្គលនោះរស់នៅ ក្រោយពេលបុណ្យភ្ជុំបិណ្ឌ ដែលអាចឈានទៅដល់មានការស្លាប់បាត់បង់ជីវិតនូវមនុស្សជាទីស្រឡាញ់របស់ខ្លួន។

ក្រោយពីខ្ញុំបានឃើញរូបភាពដើរកម្សាន្ដរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមទីតាំងមួយចំនួនមក ខ្ញុំមានការបារម្ភខ្លាំងណាស់នូវស្ថានភាព ខ្វះការប្រុងប្រយ័ត្នរបស់ពួកគាត់ ដោយនាំគ្នាផ្តុំច្រើនកុះករពេក ហើយមិនមានអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ។ នៅកន្លែងប្រមូលផ្តុំមួយចំនួន ដែលកកស្ទះមនុស្សម្នាច្រើនហួសប្រមាណ ក្នុងពេលដែលវីរុសកូវីដ-១៩ ជាពិសេសពពួកដែលតា កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេស ហានិភ័យនៃការចម្លងបន្តគ្នាលឿន នឹងអាចកើតឡើងគ្រប់ពេល និងគ្រប់ទីកន្លែង ក្នុងសភាពដែលបងប្អូនជួបជុំប្រមូលផ្តុំកកកុញ ដោយសារតែភាពមានៈ ចង់ចូលទៅលេងទឹក ឬកំសាន្តបែបយុវវ័យជុំៗគ្នាច្រើន ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ និងសមត្ថកិច្ច។

បងប្អូនដឹងទេថា មូលហេតុ នៃការផ្ទុះជំងឺដ៏ច្រើនសន្ធឹកសន្ធាប់នៅបណ្តាប្រទេសមួយចំនួន គឺចេញមកពីកន្លែងដែលកកកុញមនុស្សច្រើន ឬឬនៅកន្លែង ៣ជ (កន្លែងបិទជិត កន្លែងជុំៗគ្នាច្រើន និងនៅជិតកៀកៗគ្នា) ដោយមិនមានអនុវត្ត វិធានការការពារខ្លួននេះឯង។ តាមរូបភាពដែលខ្ញុំបានឃើញមួយចំនួន គឺជាការជួបជុំបែបមិនមានការបារម្ភពីហានិភ័យ នៃការចម្លងវីរុសកូវីដ-១៩ ទាល់តែសោះ។

ជាការពិតហើយដែលបងប្អូនចង់លេងសប្បាយ ក៏ប៉ុន្តែមិនត្រូវឲ្យការសប្បាយរបស់ខ្លួន ក្លាយជាការកើតទុក្ខដោយការបាត់បង់សាច់ញាតិជាទីស្រឡាញ់របស់ខ្លួន ដោយសារការឆ្លងជំងឺកូវីដ-១៩ នោះទេ។ ត្រូវចងចាំថា «ជីវិតយើងមានតែមួយគត់ បើស្លាប់បាត់ទៅតើការសប្បាយតែមួយភ្លែត ឬមួយថ្ងៃ ជាផលចំណេញសម្រាប់បុគ្គលដែរទេ? ហើយយើងអាចនៅមានពេល និងទីកន្លែងច្រើនទៀត ដើម្បីស្វែងទៅរកការកម្សាន្ដសប្បាយ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ដែលយើងអាចរៀនរស់នៅបានយូរអង្វែង ជាមួយនឹងការវិវត្តន៍បម្លែងខ្លួននៃវីរុសកូវីដ-១៩។

ការដកស្រង់បទពិសោធន៍ និងរៀនសូត្ររស់នៅកម្សាន្ដសប្បាយរបស់យើង ចាំបាច់ត្រូវធ្វើតាមបែប «សន្សឹមៗ កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា» ទើបយើងអាចឈានទៅដល់ការរក្សាបាននូវសុខសុវត្ថិភាព រក្សាបានសុខភាពបុគ្គល គ្រួសារ និងសហគមន៍ បានយូរអង្វែងផងដែរ។

ខ្ញុំសូមក្រើនរំលឹកហើយរំលឹកទៀតថា ទោះជាបុគ្គល និងក្រុមគ្រួសារ ដើរកម្សាន្ដនៅទីណាក៏ដោយ សូមកុំភ្លេចនាំយកទៅជាមួយខ្លួននូវការអនុវត្តន៍ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួន រួមគ្នាបញ្ចៀសបាននូវការចម្លងបន្តគ្នា ដែលជាមហន្តរាយសុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិ។ ត្រូវចេះជួយដាស់តឿនគ្នា រំលឹកគ្នាទៅវិញទៅមក ក្នុងពេលដើរកម្សាន្ដនូវក្បួនការពារខាងលើនេះជាចាំបាច់ ដើម្បីសេចក្តីសុខ និងសុខភាពល្អផ្ទាល់ខ្លួន និងក្រុមគ្រួសារមានសុវត្ថិភាព ហើយមិនត្រូវនាំវីរុសកូវីដ-១៩ មកចម្លងក្រុមគ្រួសាររបស់ខ្លួនឡើយ ជាពិសេសជនវ័យចាស់ និងវ័យចាស់ជរា។

សូមជូនពរបងប្អូនប្រជាពលរដ្ឋ សុខភាពល្អ ចៀសផុតការចម្លងរោគកូវីដ-១៩ចង្រៃគ្រប់ៗគ្នា និងសូមអរគុណច្រើន»៕