(ភ្នំពេញ)៖ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។
ព្រឹទ្ធសភា បានចាត់ទុកថា ការធ្វើវិសោធនកម្មនេះ នឹងបម្រើឱ្យផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម និងយូរអង្វែងរបស់ជាតិ ដើម្បីរួមចំណែកធានាថា ថ្នាក់ដឹកនាំនៃស្ថាប័នកំពូលទាំង៤ មានភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជនកម្ពុជា ហើយប្រឆាំងដាច់ខាតមិនឱ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាពីសំណាក់ មជ្ឈដ្ឋានខាងក្រៅ។
អ្នកនាំពាក្យព្រឹទ្ធសភា បញ្ជាក់ថា ការគ្រប់គ្រងរដ្ឋរបស់ជាតិយើងនឹងធានាបាននូវគុណភាព តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពមួយថ្មី ដែលឈរលើអភិបាលកិច្ចល្អ នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងកំណែទម្រង់រដ្ឋស៊ីជម្រៅជាបន្តបន្ទាប់ ស្របតាមជំហានទៅមុខរបស់ព្រះរាជាណាចក្រកម្ពុជា។
«គំនិតផ្តួចផ្តើមថ្មីជាប្រវត្តិសាស្រ្តនេះនឹងបង្ហាញអំពីភក្តីភាព និងសុច្ចរិតភាពរបស់ឥស្សរជនកំពូលរបស់ជាតិចំពោះជាតិ និងជាពិសេសបង្ហាញទៅកាន់ម្ចាស់ឆ្នោតអំពីការបេ្តជ្ញាចិត្តខ្ពស់ក្នុងគ្រប់ កាលៈទេសៈ ការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍រួមរបស់ជាតិយើង»។ នេះជាការបញ្ជាក់របស់ព្រឹទ្ធសភា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។
សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕