(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធយ៉ាងដាច់អហង្កានូវព័ត៌មាន ដែលបានចោទប្រកាន់យ៉ាងអយុត្តិធម៌បំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ទិញសញ្ជាតិ ឬលិខិតឆ្លងដែនពីប្រទេសសាយប្រឹស។
ជាមួយនឹងការបដិសេធនេះ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានគាំទ្រយ៉ាងឱឡារិក ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលទាក់ទងដល់ការកំណត់ ឱ្យមានសញ្ជាតិខ្មែរតែមួយគត់ ចំពោះថ្នាក់ដឹកនាំជាតិ កាន់តំណែងជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ
សេចក្តីថ្លែងការណ៍របស់ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពីមេឧទ្ទាម សម រង្ស៉ី និងសារព័ត៌មាន The Guardian បានផ្សព្វផ្សាយចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន បានទិញលិខិតឆ្លងដែន និងបានទទួលសញ្ជាតិ ពីប្រទេសសាយប្រឹស (Cyprus) ដែលជាកោះមួយ នៅទ្វីបអឺរ៉ុប
ជុំវិញករណីនេះ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សូមធ្វើសេចក្តីថ្លែងការណ៍ដូចតទៅ៖
១៖ បដិសេធយ៉ាងដាច់អហង្កានូវព័ត៌មានដែលបានចោទប្រកាន់យ៉ាងអយុត្តិធម៌បំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថាបានទិញសញ្ជាតិបរទេស និងលិខិតឆ្លងដែន ពីប្រទេសសាយប្រឹស (Cyprus) ។
២៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា គឺជាស្នូលរបស់គណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គទេសក៍ដ៏ឆ្នើមរបស់ប្រជាជនដែល បានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពអង្គអាចសម្រេចបានជោគជ័យ ដ៏ត្រចះត្រចង់បំផុតជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ។
៣៖ គាំទ្រយ៉ាងឱឡារិក ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលទាក់ទងដល់ការកំណត់ ឱ្យមានសញ្ជាតិខ្មែរតែមួយគត់ ចំពោះថ្នាក់ដឹកនាំជាតិ កាន់តំណែងជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ។
៤៖ សូមអំពាវនាវដល់ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងជនរួមជាតិទាំងមូល សូមរួមសាមគ្គីគ្នាជាធ្លុងមួយជុំវិញការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារឯករាជ្យ អធិបតេយ្យ សន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និង ការអភិវឌ្ឍនៅកម្ពុជា៕