(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងប្រាប់រដ្ឋមន្ត្រីអាស៊ានថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ឆ្ពោះទៅកាន់លំហសាយប័រមួយដែលមានភាពសុវត្ថិភាព និងប្រកបដោយបរិយាប័ន្ន។

ក្នុងសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៦ ស្ដីពីសន្តិសុខសាយប័រនិងកម្មវិធីសប្តាហ៍នៃសន្តិសុខសាយប័រអន្តរជាតិសិង្ហបុរី ២០២១ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោកស្រី Josephine Teo រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងព័ត៌មាននៃសាធារណរដ្ឋសិង្ហបុរី លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមសន្និសីទរដ្ឋមន្ត្រីអាស៊ានលើកទី៦ ស្ដីពីសន្តិសុខសាយប័រ (The 6th ASEAN Ministerial Conference on Cybersecurity) និងកម្មវិធីសប្តាហ៍នៃសន្តិសុខសាយប័រអន្តរជាតិសិង្ហបុរី ២០២១ (Singapore International Cyber Week 2021) តាមប្រព័ន្ធវីដេអូ។

សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៦ ស្ដីពីសន្តិសុខសាយប័រ និងកម្មវិធីសប្តាហ៍នៃសន្តិសុខសាយប័រអន្តរជាតិសិង្ហបុរី ២០២១ រៀបចំឡើងក្រោមប្រធានបទ៖ រៀនរស់ជាមួយកូវីដ-១៩ និងមានគោលដៅផ្លាស់ប្តូរបទពិសោធន៍ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់ ក្នុងការកសាងប្រព័ន្ធអ៉ីនធឺណិតដែលមានសុវត្ថិភាព និងភាពធន់ជាងមុន។

ថ្លែងក្នុងសន្និសីទនេះ លោករដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជម្រាបជូនកិច្ចប្រជុំអំពីការដាក់ចេញនូវ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទស្សនវិស័យក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក ដោយបានរួមបញ្ចូលការបង្កើតគណៈកម្មាធិការសន្តិសុខឌីជីថល (Digital Security Committee) ក្នុងគោលបំណងការពារអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ ទប់ទល់ និងឆ្លើយតបទៅនឹងហានិភ័យ ការគំរាមកំហែង និងការវាយប្រហារ ក៏ដូចជាការគ្រប់គ្រងឱ្យបានសន្តិសុខសង្គមជាតិទាំងមូល។

លោករដ្ឋមន្រ្តី ជា វ៉ាន់ដេត បានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការចំនួន ៤ ចំណុច រួមមាន៖

១៖ ការពង្រឹងសមត្ថភាពសន្តិសុខសាយប័រដោយផ្តោតទៅលើការងារបណ្តុះបណ្តាលធនធានមនុស្ស និងធ្វើការហ្វឹកហ្វឺនពាក់ព័ន្ធនឹងសន្តិសុខសាយប័រ។

២៖ ការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងការចែករំលែកព័ត៌មានការគំរាមគំហែងសន្តិសុខសាយប័រ។

៣៖ ការធ្វើសុខដុមនីយកម្មនៃបទដ្ឋានគតិយុត្តពាក់ព័ន្ធទៅនឹងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ (Critical Information Infrastructure)។

៤៖ ការការពារទិន្នន័យឌីជីថលឱ្យមានសុវត្ថិភាព និងធានាបាននូវប្រសិទ្ធភាពក្នុងការចែករំលែកក្នុងការងារប្រចាំថ្ងៃ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ឆ្ពោះទៅកាន់លំហសាយប័រមួយដែលមានភាពសុវត្ថិភាព និងប្រកបដោយបរិយាប័ន្ន៕