(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋសភាកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។
អ្នកនាំពាក្យរដ្ឋសភា បានចាត់ទុកថា ការផ្តួចផ្តើមគំនិតរបស់ សម្តេច ខាងលើនេះ គឺជាគតិបណ្ឌិត ដែលមានលក្ខណៈស្នេហាជាតិយ៉ាងខ្ពង់ខ្ពស់ឧត្តុងឧត្តម ដែលនឹងធានានូវឯករាជ្យ និងអធិបតេយ្យភាព នៃព្រះ-រាជាណាចក្រកម្ពុជា ហើយរារាំងបាននូវពួកជនឱកាសនិយម ដែលពឹងផ្អែកសញ្ជាតិច្រើន ដែលខ្លួនមាន យកបរទេសធ្វើជាបង្អែក ហើយធ្វើនយោបាយប្រជាភិថុត និងធ្វើជាដៃជើងបរទេស ក្នុងការចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
អ្នកនាំពាក្យរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏សូមគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះការផ្តួចផ្តើមគំនិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានចង្អុលបង្ហាញច្បាប់ស្តីពីការកំណត់សញ្ជាតិកម្ពុជាតែមួយ ចំពោះថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់កម្ពុជាទាំង៤ ជាអាទិ៍ ត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលទាមទារឱ្យមានការអនុម័តដោយសម្លេង ២/៣ នៅក្នុងសភាកម្ពុជា។ នេះគឺជាការធានាមួយទៀត ចំពោះកម្ពុជាបច្ចុប្បន្នក៏ដូចជានាពេលអនាគតថា ថ្នាក់ដឹកនាំកម្ពុជា ជាឥស្សរជនស្នេហាជាតិ ស្នេហាឯករាជ្យ អធិបតេយ្យជាតិ ព្រមទាំងស្នេហាលទ្ធិប្រជាធិបតេយ្យ គឺពឹងផ្អែកលើកម្លាំងប្រជាជាតិទាំងមូល ទាត់ចោលនូវការប៉ុនប៉ងធ្វើការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ពីសំណាក់ក្រៅប្រទេស។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។
សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕