(ភ្នំពេញ)៖ នៅក្នុងកំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា លោក Khaled Khiary ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ (អ.ស.ប.) មានចំណាប់អារម្មណ៍ខ្ពស់ទៅធ្វើទស្សនកិច្ចស្វែងយល់ការងារនៅសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងកោតសសើរការងាររបស់សារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងវាយតម្លៃខ្ពស់សមិទ្ធផលការងាររបស់សាលាក្តីខ្មែរក្រហម
នៅក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមអមដំណើរពីលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងាររាជរដ្ឋាភិបាល សម្រាប់ទ្រទ្រង់ដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ហៅកាត់ថាសាលាក្តីខ្មែរក្រហម លោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់ អ.ស.ប ប្រចាំកម្ពុជា, លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក., លោក ថោង សុជាតិ មន្ត្រីជាន់ខ្ពស់នៃ អ.វ.ត.ក. និងលោក ហង្ស និស្ស័យ ប្រធានសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង កាលពីរសៀលនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ។
ក្រោយពីលោកប្រធានសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បានពិពណ៌នាយ៉ាងលម្អិតទាក់ទងទៅនឹងព្រឹត្តិការណ៍ និងអំពើសាហាវព្រៃផ្សៃដែលបានកើតឡើងនៅក្នុងគុកទួលស្លែង ក្រោមការគ្រប់គ្រងរបស់ ឌុច ដែលជាអ្នកទទួលខុសត្រូវខ្ពស់បំផុត នៅក្នុងសំណុំរឿង០០១ នៃ អ.វ.ត.ក. លោកឧបការីអគ្គលេខាធិការ អ.ស.ប. បានសម្តែងនូវសមានទុក្ខ និងការឈឺចាប់ជាមួយជនរងគ្រោះទាំងអស់ ដែលបានស្លាប់នៅក្នុងគុកទួលស្លែង ព្រមទាំងបានសម្តែងនូវសមានចិត្តជាមួយលោក ប៊ូ ម៉េង និង ជុំ មី ដែលជាអ្នករស់រានមានជីវិតពីគុកទួលស្លែង។
ឆ្លៀតក្នុងឱកាសនោះដែរ លោក កែវ រ៉េមី បានជម្រាបជូនឧបការីអគ្គលេខាធិការ អ.ស.ប. អំពីការគាំទ្ររបស់រាជរដ្ឋាភិបាល និងអំពីសមិទ្ធផលដែលបាននឹងកំពុងសម្រេចបានដោយអ.វ.ត.ក។
ជាពិសេសលោក កែវ រ៉េមី ក៏បានគូសបញ្ជាក់អំពីលក្ខណៈពិសេសរបស់ អ.វ.ត.ក. រួមមាន៖
*ទី១៖ តុលាការនេះកូនកាត់នេះ បានកាត់សេចក្តីមេដឹកនាំជាន់ខ្ពស់ នៃរបបខ្មែរក្រហម ចំពោះឧក្រឹដ្ឋកម្ម ដែលបានកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន
*ទី២៖ តុលាការក៏បានអនុញ្ញាតឱ្យជនរងគ្រោះចូលរួមក្នុងដំណើរការកាត់សេចក្តីក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី ដែលតុលាការអន្តរជាតិដទៃទៀត មិនបានធ្វើដូចតុលាការនេះទេ
*ទី៣៖ គំរូកាត់សេចក្តីរបស់តុលាការកូនកាត់នេះត្រូវបានអន្តរជាតិទទួលស្គាល់ក្នុងការរក្សាបាននូវអធិបតេយ្យភាពទាំងស្រុងរបស់កម្ពុជា ហើយមានប្រទេសមួយចំនួនដូចជា បង់ក្លាដែស ស្រីលង្កា កែនយ៉ា សេណេកាល និងអាហ្វ្រិកកណ្តាលមកដកស្រង់បទពិសោធន៍ និងយកទៅរៀបចំបង្កើតតុលាការប្រហាក់ប្រហែលគ្នា។
និងទី៤៖ តុលាការកូនកាត់នេះ ក៏បានកាត់សេចក្ដីផ្ដល់យុត្តិធម៌ ដល់ជនរងគ្រោះទាំងអស់ នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងរក្សាបាននូវការបង្រួបបង្រួមជាតិ ព្រមទាំងបានចំណាយតិចប្រមាណ ២២លានដុល្លារ ក្នុងមួយឆ្នាំ ចំណែកឯតុលាការអន្តរជាតិផ្សេងទៀត ចំណាយអស់ប្រមាណ ១០០លានដុល្លារ ក្នុងមួយឆ្នាំ។
ជាការឆ្លើយតប ឧបការីអគ្គលេខាធិការ អ.ស.ប. បានសម្តែងការអរគុណចំពោះចូលរួមអមដំណើររបស់លោក លោកស្រីទាំងអស់ក្នុងការទទួលរៀបចំទស្សនកិច្ចនេះ បានយ៉ាងល្អប្រសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលកំពុងស្រេចបានដោយសាលាក្តីខ្មែរក្រហម។
ជាងនេះទៅទៀត ឧបការីអគ្គលេខាធិការ អ.ស.ប. ក៏បានលើកឡើងថាកម្ពុជាពិតជាសម្រេចបាននូវនេះ សមិទ្ធផលទាំងនោះប្រកបដោយភាពម្ចាស់ការក្នុងការគ្រប់គ្រង (Ownership) និងការដឹកនាំ (Leadership) ប្រកបដោយការទទួលខុសត្រូវខ្ពស់៕