(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានស្នើឲ្យអាជ្ញាធរគ្រប់ក្រុងស្រុក ដែលងាយប្រឈមគ្រោះធម្មជាតិ ត្រូវត្រៀមគ្រប់លក្ខណ: ដើម្បីងាយស្រួលចុះអន្តរាគមន៍ពេលហេតុការណ៍កើតឡើងដោយគ្មានព្រាងទុក។
ការស្នើនេះខណ:លោកដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបាន៩ខែ និងលើកទិសដៅអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០២១ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាខេត្តកំពត។ កិច្ចប្រជុំនេះ ក៏មានចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមកាកបាទក្រហម មន្ទីរ អង្គភាព អនុសាខា ក្រុង ស្រុកទាំង៩ផងដែរ។
លោក ម៉ៅ ធនិន បានបន្តថា ជាធម្មតាភូមិសាស្ត្រ នៃក្រុងស្រុកនីមួយៗមិនដូចគ្នាទេ។ ម្ល៉ោះហើយផលអាក្រក់ដែលទទួលរងពីគ្រោះធម្មជាតិរមែងមានលក្ខណ:ខុសប្លែកគ្នា។ តំបន់ជាប់ភ្នំតែងជួបប្រទះនូវព្យុះភ្លៀងបោកបក់ បង្កជាជំនន់លិចលង់ភូមិឋានស្រែចម្ការយ៉ាងឆាប់រហ័ស។
ដោយឡែក តំបន់មាត់សមុទ្ររមែងទទួលរងនូវខ្យល់កន្ត្រាក់ ផ្គររន្ទះងាយប្រឈមនឹងគ្រោះថ្នាក់ដូចជារលំផ្ទះសម្បែង ប៉ះពាល់អាយុជីវិតមនុស្សសត្វជាដើម។ ដូច្នេះត្រូវប្រុងប្រយ័ត្នជុំវិញករណីទាំងនេះ គ្រប់អនុសាខាក្រុងស្រុកដែល ប្រឈមទាំងនេះចាំបាច់ត្រូវតែត្រៀមគ្រប់លក្ខណ:ដើម្បីងាយស្រួលចុះអន្តរាគមន៍ ពេលហេតុការណ៍កើតឡើង។ ជាធម្មតាមហន្តរាយបង្កឡើងដោយគ្រោះធម្មជាតិមិនអាចនរណាម្នាក់បានដឹងមុននោះទេ។ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមជាមុនរួមមានមធ្យោបាយសង្គ្រោះបន្ទាន់ ស្បៀងអាហារ បរិក្ខាសុខាភិបាលជាដើម៕