(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ និងក្រុមការងារកាកបាទក្រហមខណ្ឌ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋដែលជួបជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋងាយរងគ្រោះចំនួន៤០គ្រួសារ រស់នៅក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាឱកាសនោះលោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញ និងលោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រីនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
លោកបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងបន្តអនុវត្តនូវវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ «៣ការពារ និង៣កុំ»។
លោកប្រធានអនុសាខាបានបញ្ជាក់ថា អំណោយដែលបាននាំមកផ្តល់ជូន នាពេលនេះរួមមាន៖ អង្ករ ៣០គីឡូក្រាម, ត្រីខ ១យួរ, ទឹកត្រី ឬទឹកស៉ីអ៉ីវ ១យួរ, មី ១កេស, ទឹកសុទ្ធ ១កេស ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ៕