(ព្រះសីហនុ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្ដព្រះសីហនុ បានបើកកិច្ចប្រជុំរវាងក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួល អន្ដរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៃគណៈអភិវឌ្ឍន៍ខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្ដមាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ជា កុកហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជានាយកគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីបណ្ដាមន្ទីរពាក់ព័ន្ធនៅខេត្ដព្រះសីហនុ ក្នុងគោលបំណងបង្ហាញ គោលដៅ និងផែនការសកម្មភាព ក្នុងការរៀបចំផែនការមេ ជាពិសេសពីតម្រូវការទិន្នន័យពាក់ព័ន្ធនឹងខេត្តព្រះសីហនុ ជូនអភិបាលខេត្ដ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងបណ្ដាប៉ូលសេដ្ឋកិច្ច ដែលមានកាលានុវត្តភាពសំខាន់ៗរបស់កម្ពុជា ខេត្តព្រះសីហនុជាតំបន់ ដែលមានឧត្ដមភាពលេចធ្លោ សម្រាប់ការអភិវឌ្ឍ ដោយសារខេត្តព្រះសីហនុ មានភូមិសាស្ត្រជាប់សមុទ្រ មានកំពង់ផែទឹកជ្រៅ មានអាកាសយានដ្ឋាន និងតំបន់ឆ្នេរទេសចរណ៍ជាច្រើន។
លោក ឡុង ឌីម៉ង់ បានបន្ថែមទៀតថា ជាមួយនឹងកាលានុវត្តភាពនេះ ខេត្តព្រះសីហនុ បានក្លាយជាខេត្តដែលបានទទួលការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍ ក្នុងនោះ រាជរដ្ឋាភិបាលបានសម្រេចឲ្យមានការសិក្សា និងរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានកំណត់ នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។
លោកបានគូសបញ្ជាក់ថា ផែនការមេនេះ គឺជាត្រីវិស័យក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ដើម្បីបម្រើឲ្យខ្សែច្រវ៉ាក់ផលិតកម្ម ក្នុងតំបន់ សំដៅជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព។
លោក ឡុង ឌីម៉ង់ បន្ដថា ជាមួយនឹងកត្តាភូមិសាស្រ្ត និន្នាការវិវត្តន៍ថ្មីៗ នៃសេដ្ឋកិច្ចសកល និងចរន្តបំលាស់ទី នៃប្រភេទឧស្សាហកម្មនៅក្នុងពិភពលោកមួយចំនួន មកកាន់តំបន់អាស៊ី ដែលបណ្ដាលមកពីសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចធំៗ ខេត្តព្រះសីហនុ នឹងកាន់តែមានសក្តានុពលខ្ពស់ ក្នុងការទាក់ទាញ និងស្រូបយកវិនិយោគពីខាងក្រៅ និងអាចក្លាយទៅជាក្បាលម៉ាស៊ីន ឬជាក្បាលនាគ ជំរុញកំណើនសេដ្ឋកិច្ចជាតិយើង៕