(ព្រៃវែង)៖ ដើម្បីត្រៀមលក្ខណៈបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ សម្រាប់ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ បានរៀបចំពិធីបោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សាឃុំ ក្រោមអធិបតីភាព លោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ សម្រាប់ឃុំកក់ លោក វង សូត បានថ្លែងទៅកាន់ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាឃុំកក់ថា ការបោះឆ្នោតនៅពេលខាងមុខនេះ ពីមួយអាណត្តិទៅមួយអាណត្តិ ត្រូវមានការផ្លាស់ប្តូរ មនុស្សដែលមានសមត្ថភាព ចំណេះដឹង ជាពិសេសនោះអ្នកដែលអាចបន្តវេននៅតាមមូលដ្ឋាន ដើម្បីឲ្យបម្រើសេវាសាធារណៈកាន់តែល្អប្រសើរឡើង។

បន្ថែមលើនេះទៀត ការបោះឆ្នោតស្ទាបស្ទង់មតិអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លោក វង សូត បានផ្តោតសំខាន់ឲ្យប្រធានគណបក្សប្រជាជនកម្ពុជា តាមឃុំសង្កាត់នីមួយៗ និងភូមិត្រូវពិនិត្យមើលបេក្ខជនរបស់ខ្លួនក្នុងការឈរឈ្មោះ សម្រាប់ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៥ ខាងមុខនេះ ហើយត្រូវពិនិត្យមើលឈ្មោះសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា តាមភូមិឃុំឲ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយប្រសិនបើករណីពួកគាត់ ពុំមានឯកសារគ្រប់គ្រាន់ត្រូវជួយផ្សព្វផ្សាយណែនាំសហការជាមួយអាជ្ញាធរមូលដ្ឋាន។

លោក វង សូត បានជំរុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ព្រោះថាកូវីដមិនភ្លេចយើងទេ ដោយត្រូវបន្តអនុវត្ត៣ការពារ និង៣កុំ និងត្រូវរៀនរស់តាមគន្លងថ្មី៕