(ភ្នំពេញ)៖ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន លើកទី២០ (20th ATM+China) ដែលបានប្រារព្ធឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយសហប្រធាន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និង លោក ZHAO Chongjiu អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណៈរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនាំមុខដោយកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន លើកទី២០ (20th STOM+China) ដែលបានធ្វើឡើងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ដោយសារឆ្នាំនេះជាខួបលើកទី២០ នៃកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-ចិន រដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពឥតឈប់ឈរនៃយុទ្ធសាស្ត្រភាពជាដៃគូលើគម្រោងដឹកជញ្ជូន និងមានសុទិដ្ឋិនិយមចំពោះទំនាក់ទំនងដ៏រឹងមាំ និងផលិតភាពបន្ថែមទៀត នាពេលអនាគត។
កិច្ចប្រជុំ បានអះអាងសារជាថ្មីអំពីសារៈសំខាន់ នៃកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-ចិន (AC-ATA) និងពិធីសារទី ១, ២ និង ៣ ដែលបានបង្ហាញនូវសេចក្តីប្រាថ្នារួមគ្នា ក្នុងការលើកកម្ពស់ការតភ្ជាប់ផ្លូវអាកាសរវាងអាស៊ាន និងចិន។ រដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ឧត្តមមន្ត្រី និងក្រុមការងារពាក់ព័ន្ធឱ្យពិនិត្យមើលលទ្ធភាពនៃការបន្តធ្វើសេរីភាវូបនីយកម្ម នៃរបបសេវាកម្មផ្លូវអាកាសរវាង និងក្រៅរង្វង់អាស៊ាន និងចិន ដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមដល់ប្រជាជនអាស៊ាន និងចិន។
កិច្ចប្រជុំ មានសេចក្តីសោមនស្សរីករាយក្នុងការកត់សម្គាល់ពីវឌ្ឍនភាពនៃគម្រោង និងសកម្មភាពដឹកជញ្ជូនតាមសមុទ្រ រួមទាំងសកម្មភាពដូចខាងក្រោម ដែលបានអនុវត្តក្នុងឆ្នាំ២០២១៖
ក៖ វគ្គបណ្តុះបណ្តាលវេទិកាអាស៊ានថ្នាក់តំបន់លើកទី២ (ASEAN Regional Forum) ស្តីពីការកសាងសមត្ថភាពសុវត្ថិភាពសាឡាងចម្លង
ខ៖ វគ្គបណ្តុះបណ្តាលអាស៊ាន-ចិន ស្ដីពីការពង្រឹងសមត្ថភាពមន្ត្រីជំនាញសេវាកម្មនាំផ្លូវនាវា (Vessel Traffic Service)
គ៖ កម្មវិធីបណ្តុះបណ្តាលការគ្រប់គ្រងសុវត្ថិភាពនាវា (Liquefy Natural Gas) ចិន-អាស៊ាន។
កិច្ចប្រជុំ បានទន្ទឹងរង់ចាំការអនុវត្តសកម្មភាពដឹកជញ្ជូនតាមសមុទ្រ ដែលនឹងត្រូវប្រព្រឹត្តទៅនៅឆ្នាំ២០២២ រួមទាំងសិក្ខាសាលា ស្តីពីសេវាកម្មនិងការគ្រប់គ្រងនាវាសមុទ្រឆ្លាតវៃ ការរៀបចំវគ្គបណ្តុះបណ្តាលវេទិកាតំបន់អាស៊ាន(ARF) លើកទី២ ស្តីពីការកសាងសមត្ថភាពសុវត្ថិភាពស្រឡាងចម្លង និងកិច្ចសហប្រតិបត្តិការលើវិញ្ញាបនបត្រនាវាអេឡិចត្រូនិក។
កិច្ចប្រជុំ បានអនុម័តជាគោលការណ៍កម្មវិធីសកម្មភាពឆ្នាំ២០២១-២០២៥ នៃផែនការយុទ្ធសាស្រ្តដែលបានកែសម្រួល សម្រាប់កិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-ចិន ដែលរួមមានគម្រោង និងសកម្មភាពដែលអាចធ្វើទៅបាន ដែលមានផលប្រយោជន៍រួម និងស្របតាមគោលដៅ និងសកម្មភាពរបស់អាស៊ាន ដែលមាននៅក្នុងផែនការយុទ្ធសាស្រ្តដឹកជញ្ជូនទីក្រុងគូឡាឡាំពួឆ្នាំ២០១៦-២០២៥ ក៏ដូចជាចក្ខុវិស័យរបស់ប្រទេសចិនចំពោះ «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ»។ រដ្ឋមន្ត្រី បានទន្ទឹងរង់ចាំការអនុវត្តប្រកបដោយជោគជ័យនូវគម្រោងសហប្រតិបត្តិការអាស៊ាន-ចិនសំខាន់ៗ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវសមុទ្រ សម្របសម្រួលការដឹកជញ្ជូន និងការកសាងសម្ថភាព។
កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន លើកទី២១ (21st ATM+China) គ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូណេស៉ី ក្នុងឆ្នាំ២០២២៕