(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានបន្តដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងឆ្លៀតឱកាសយកអំណោយជាគ្រឿងឧបភោគ បរិភោគ មកចែកដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាតមួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅមួយគ្រា បន្ទាប់ពីលោកឧបត្ថម្ភថវិកា ចំនួន៣៥០,០០០រៀល ជូន៤គ្រួសារផ្សេងទៀត ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានផ្ទាល់។
សកម្មភាពសមធម៌ ក្នុងការចុះសួរសុខទុក្ខ និងយកអំណោយជាគ្រឿងឧបភោគ បរិភោគ មកចែកដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាតមួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅមួយគ្រា របស់រដ្ឋបាលខណ្ឌឫស្សីកែវនេះ ក៏មានការចូលរួមអមដំណើរផងដែរ ពីមន្ត្រីការិយាល័យរដ្ឋបាលខណ្ឌ, លោកស្រីចៅសង្កាត់ទួលសង្កែទី១ រាជ ផាវឿន, លោក-លោកស្រីចៅសង្កាត់រងទី១-ទី២, ក្រុមប្រឹក្សា, មន្ត្រីសង្កាត់, មេភូមិ-មេភូមិរង ស្ថិតអមសង្ខាងអតីតផ្លូវរថភ្លើង ចាប់ពីមុខវត្តទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ រហូតដល់ផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក ឯក ឃុនដឿន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងលើកទី១ និងលើកទី២ រួចរាល់ហើយប្រើប្រាស់កន្ទុយសន្លឹក ឬកាតក្រសួងការពារជាតិ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី៣ (ដូសជុំរុញ) នៅ៤ទីតាំងផ្សេងៗគ្នា រួមមាន៖ មណ្ឌលចាក់វ៉ាក់សាំងវិហារឥស្លាមគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទី១, មណ្ឌលចាក់វ៉ាក់សាំងវត្តទួលសន្តិវ័ន្ដ (វត្តទួលអស់លោក) សង្កាត់គីឡូម៉ែត្រលេខ៦, មណ្ឌលចាក់វ៉ាក់សាំងវត្តឧត្តរាវត្តី សង្កាត់ឫស្សីកែវ និងមណ្ឌលចាក់វ៉ាក់សាំងវត្តទួលសុវណ្ណារាម (វត្តទួលសង្កែ) សង្កាត់ទួលសង្កែទី១។
បន្ថែមពីនេះ លោក ឯក ឃុនដឿន ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងលើកទី១ និងលើកទី២ រួចរាលហើយប្រើប្រាស់កាតចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាល សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ លើកទី៣ (ដូសជុំរុញ) ជាមួយការទទួលចាក់លើកទី១ និងលើកទី២ ផងដែរ នៅ២ទីតាំងផ្សេងគ្នា រួមមាន៖ មណ្ឌលចាក់វ៉ាក់សាំង មន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ សង្កាត់គីឡូម៉ែត្រលេខ៦ និងមណ្ឌលចាក់វ៉ាក់សាំង មណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទី១។
លោកអភិបាលខណ្ឌឬស្សីកែវរូបនេះ នៅតែបន្តទទូចសុំឱ្យប្រជាពលរដ្ឋ បន្តធ្វើអនាម័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច តាមរយៈការពាក់ម៉ាស រក្សាគម្លាត និងការលាងដៃនិងសាប៊ូឱ្យបានញឹកញាប់ និងការយកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរទំលាប់ធ្វើការងារ និងការរៀនរស់តាមបែបគន្លងថ្មី នៃបរិបទកូវីដ-១៩ បើទោះជា ទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ រួចហើយក៏ដោយ សូមកុំភ្លេចនូវការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដែលជាការផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា។
សូមជម្រាបថា សម្រាប់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយអតីតផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកាថ្មីៗនេះ ក៏ទទួលបានការឧបត្ថម្ភស្បៀងអាហារ ដើម្បីសម្រួលដល់ជីវភាពមួយចំនួនផងដែរ ពីក្រុមការងារភូមិសង្កាត់ខណ្ឌ និងមន្ត្រីពាក់ព័ន្ធ ក្រោមការដឹកនាំផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌ៕