(ភ្នំពេញ)៖ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-កូរ៉េ បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-កូរ៉េ លើកទី១២ (12th ATM+ROK) ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយសហប្រធាន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និង លោក Hwang, Seong Kyu អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំនាំមុខដោយកិច្ចប្រជុំមន្រ្តីឧត្តមដឹកជញ្ជូនអាស៊ាន-កូរ៉េ លើកទី១៣ (13th STOM+ROK) ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។
កិច្ចប្រជុំ បានស្វាគមន៍នូវលទ្ធផលជាវិជ្ជមាន នៃវេទិកាកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េ លើកទី១១ ដែលបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ក្រោមប្រធានបទ «ទិសដៅអនាគត សម្រាប់គោលនយោបាយដឹកជញ្ជូនប្រកបដោយចីរភាពរបស់អាស៊ាន៖ ការដោះស្រាយបញ្ហាប្រឈមជាសាកល រួមទាំងជំងឺកូវីដ-១៩»។ រដ្ឋមន្រ្តី បានទទួលស្គាល់ថា វេទិកានេះនឹងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងអាស៊ាន និងកូរ៉េ ក្នុងវិស័យដឹកជញ្ជូនប្រកបដោយចីរភាព និងភ័ស្តុភារកម្មឌីជីថល ដើម្បីជួយស្តារទំនាក់ទំនងពាណិជ្ជកម្ម គាំទ្រការងើបឡើងវិញពីជំងឺរាតត្បាត និងបង្កើនភាពធន់នៃសេដ្ឋកិច្ច នៅក្រោយវិបត្តិកូវីដ-១៩ ។
កិច្ចប្រជុំ មានសេចក្តីសោមនស្សរីករាយក្នុងការកត់សម្គាល់ពីវឌ្ឍនភាព នៃការអនុវត្តគម្រោង និងសកម្មភាពនានាក្រោមផែនទីបង្ហាញផ្លូវ នៃកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េ ឆ្នាំ២០២១-២០២៥ ជាពិសេសការអនុវត្តគម្រោងមួយចំនួនក្រោមកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស និងកម្មវិធីបច្ចេកវិទ្យានិងការគ្រប់គ្រងនៅឆ្នាំ២០២១។ រដ្ឋមន្រ្តី បានលើកទឹកចិត្តបន្ថែមទៀត ឱ្យមានការសម្របសម្រួលកាន់តែជិតស្និទ្ធរវាងប្រទេសជាសមាជិកអាស៊ាន និងកូរ៉េ ដើម្បីអនុវត្តគម្រោងនិងសកម្មភាពដឹកជញ្ជូនផ្សេងទៀត នៅក្រោមផែនទីបង្ហាញផ្លូវ ព្រមទាំងពិចារណាលើការដាក់បញ្ចូលសំណើគម្រោងថ្មីនាពេលអនាគត ពីប្រទេសសមាជិកអាស៊ាន។
កិច្ចប្រជុំ បានស្វាគមន៍ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ លើគម្រោងសាកល្បង ស្តីពីប្រតិបត្តិការទីផ្សារដឹកជញ្ជូនផ្លូវសមុទ្រតែមួយអាស៊ាន(ASSM) ជាពិសេសការបញ្ចប់ការស្ទង់មតិឯកសារកំពង់ផែនៅក្នុងកំពង់ផែ គោលដៅចំនួន ៣ គឺ៖ កំពង់ផែ Johor (ម៉ាឡេស៊ី) កំពង់ផែ Davao (ហ្វីលីពីន) និងកំពង់ផែសិង្ហបុរី។ កិច្ចប្រជុំ ទន្ទឹងរង់ចាំលទ្ធផលនៃការវិភាគផលចំណេញ នៃកំពង់ផែគោលដៅទាំងបីនៅឆ្នាំ២០២២ ហើយបានជំរុញឱ្យប្រទេសជាសមាជិកអាស៊ាន និងកូរ៉េ ពង្រឹងការសម្របសម្រួល ដើម្បីតាមដានអនុសាសន៍ដែលបានពីសិក្សា នៅពេលបន្ទាប់ពីនោះ។
កិច្ចប្រជុំ បានទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍អាស៊ាន-កូរ៉េ(AK-ASA) និងបានលើកទឹកចិត្តឱ្យឧត្តមមន្រ្តី និងក្រុមការងារពាក់ព័ន្ធ បន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីបញ្ចប់ AK-ASA ឱ្យបានឆាប់ រួមទាំងការផ្លាស់ប្តូរសិទ្ធិធ្វើចរាចរណ៍ប្រកបដោយសេរីភាវូបនីយកម្ម និងមានផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀត ដើម្បីលើកកម្ពស់ការតភ្ជាប់ផ្លូវអាកាសរវាងនិងក្រៅអាស៊ាន និងកូរ៉េ។
កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-កូរ៉េ លើកទី១៣ (13th ATM+ROK) នឹងត្រូវរៀបចំឡើងនៅប្រទេសឥណ្ឌូនេស៉ីក្នុងឆ្នាំ២០២២៕