(ភ្នំពេញ)៖ រដ្ឋសភា គ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើស អនុប្រធានទី១របស់ខ្លួន នៅក្រោយបុណ្យអុំទូកខាងមុខនេះ ដើម្បីជំនួសតំណែង លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញិល ដែលទទួលមរណភាព។ នេះបើតាម លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក ឡេង ប៉េងឡុង បានអះអាងថា ពេលនេះរដ្ឋសភា បានទទួលសំណើរបស់គណបក្សប្រជាជនកម្ពុជា ក្នុងដាក់បេក្ខភាពដើម្បីកាន់នេះរួចហើយ ប៉ុន្តែដោយសារសភាកម្ពុជាជាប់រៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ទើបការរៀបចំការបោះឆ្នោតជ្រើសរើស អនុប្រធានទី១ នៃរដ្ឋសភា ត្រូវរង់ចាំក្រោយបុណ្យអុំទូក។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា សម្រាប់តំណែងអនុប្រធានទី១ នៃរដ្ឋសភានេះ មានការដាក់បេក្ខជនតែមួយរូបប៉ុណ្ណោះ ប៉ុន្តែលោកមិនបានបញ្ជាក់ថា បេក្ខជននោះជានរណានោះឡើយ។
បើតាមការបង្ហើបរបស់មន្រ្តីជាន់ខ្ពស់ បានឱ្យដឹងថា បេក្ខជនដែលនឹងបោះឆ្នោតជ្រើសរើសជាអនុប្រធានទី១ នៃរដ្ឋសភានោះគឺទំនងជា លោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ និងសវនកម្ម នៃរដ្ឋសភា និងជាសមាជិកអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា៕