(កណ្ដាល)៖ រោងរថយន្ត៤ខ្នង ក្នុងបញ្ជាការដ្ឋានអង្គរក្ស បានកសាងរួចរាល់អស់ថវិកាជាង៨៦ម៉ឺនដុល្លារ ត្រូវបានធ្វើពិធីកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពលោក មុត ខៀវ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅបន្ទាយសុវត្ថិភាពទួលក្រសាំងខេត្តកណ្ដាល។
លោកឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថា រោងរថយន្តរបស់បញ្ជាការដ្ឋានអង្គរក្ស ចំនួន៤ខ្នង មានទំហំ៨,៨០០ម៉ែត្រការ៉េ ដែលចំណាយថវិកាសរុបចំនួន ៨៦៣,០០០ដុល្លារ។
រោងរថយន្តទាំង៤នេះ គឺមានសារសំខាន់ណាស់ក្នុងការថែទាំរថយន្តពិសេសៗ រួមមាន៖ រថយន្តធុនធំ ដឹកសម្ភារៈចល័តគ្រប់រាជធានី-ខេត្ត រថយន្ត GMC រថយន្ត ZILL សម្រាប់ចល័តទ័ព រថយន្តពន្លត់អគ្គីភ័យ រថពាសដែក និងរថយន្តអាវុធគាំទ្រ BM-21 ព្រមទាំងម៉ូតូការពារធុនធំ ធុនតូចគ្រប់ប្រភេទ គឺសម្រាប់បម្រើការងារការពារ សន្តិសុខសង្គម ការពារសន្តិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ការពារបូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការពារសុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ។
លោកបានបន្តថា ក្រៅពីការបំពេញតួនាទីភារកិច្ចបញ្ជាការដ្ឋានអង្គរក្សទាំងមូល កម្លាំងបញ្ជាការដ្ឋានអង្គរក្សបានចូលរួមយ៉ាងសកម្មក្នុងការជួយ អន្តរាគមន៍សង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងបណ្តាខេត្តផ្សេងៗ ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគ បរិភោគ ថវិកា ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកខ្វះខាតដោយសារទឹកជំនន់ផងដែរ។
លោក មុត ខៀវ បានសម្ដែងនូវការកោតសរសើរចំពោះវីរភាពរបស់មេបញ្ជាការ និងនាយពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្សទាំងអស់ ដែលបានកសាងបន្ទាយមានអគារស្នាក់នៅសមរម្យសមិទ្ធផលជាច្រើន និងបានបូជាកម្លាំងកាយចិត្តស្មារតីខ្ពស់តាមបាវនានុក្រមរបស់អង្គរក្ស ស្មោះត្រង់ ការពារបម្រើ ហ៊ានលះបង់អាយុជិវិត ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនសម្ដេចទាំងទ្វេ និងក្រុមគ្រួសារ។
លោកបន្តទៀតថា វីរភាពដ៏ថ្លៃថ្លា និងគុណធម៌របស់ សម្ដេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសជាតិរស់ប្រជាពលរដ្ឋសុខសាន្ត លើកទី១៖ សម្ដេចបានដើរឆ្លងចំការមីនតំបន់គ្រោះថ្នាក់ដើម្បីទៅសុំជំនួយកម្លាំងពីមិត្តវៀតណាម រំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ៧ មករា ១៩៧៩។
លើកទី២៖ សម្ដេចហ៊ានចូលទៅតំបន់ខ្មែរក្រហមប៉ៃលិន ដើម្បីបង្រួបបង្រួមជាតិខ្មែរ និងខ្មែរក្រោមនយោបាយឈ្នះឈ្នះ នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ និងលើកទី៣៖ សម្ដេចបានប្រកាសចេញពីក្រុងហ្សឺណែវ បុគ្គលណាក្រុមប្រឆាំងណាហ៊ានបំពានរាជ្យបាលង្ក័របបរាជ្យជានិយម ត្រូវឆ្លងសពរបស់សម្ដេចជាមុនសិន ការពារដាច់ខាតរបបរាជ្យជានិយម នេះជាប្រវត្តិសាស្រ្តមិនអាចប្រកែកបាន។ សមិទ្ធផលសន្តិភាព និងសមិទ្ធផលនានារបស់ជាតិដែលរក្សាបាន និងមាននាសព្វថ្ងៃនេះមិនអាចកាត់ផ្ដាច់បានទេនូវគុណបំណាច់ការចូលរួមយ៉ាងធំធេងរបស់បញ្ជាការដ្ឋានអង្គរក្ស៕