(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ បានអំពាវនាវកុំឲ្យភ័យស្លន់ស្លោខ្លាំង ចំពោះមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» រហូតបាត់ម្ចាស់ការ តែក៏មិនត្រូវបោះបង់ការប្រុងប្រយ័ត្ននោះដែរ។
ការអំពាវនាវយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវចំនួន៣៧ខ្សែ និងប្រព័ន្ធប្រព្រឹត្តកម្ម ទឹកកខ្វក់ចំនួន៣ តម្លៃសរុបប្រមាណ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីជា អូមីក្រុង វាមកដល់ ក៏ប៉ុន្ដែខ្ញុំសូមបញ្ជាក់ថា យើងកុំស្លន់ស្លោហួស កុំភ័យពេករហូតទៅដល់បាត់ម្ចាស់ការ ឥលូវនេះ អាហ្វ្រិកខាងត្បូងខ្លួនឯងបញ្ជាក់ថា វាអត់មានអីទៅណាផង រួចហើយប្រកាសគ្រប់កន្លែងទាំងអស់ ដូចជាបំភ័យមនុស្ស តែយើងក៏ត្រូវតែប្រយ័ត្ន»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា កម្ពុជា មិនមានភ្ជាប់ជើងហោះហើរ ជាមួយអាហ្វ្រិកខាងត្បូងនោះទេ ដូច្នេះមិនមានភាពចាំបាច់ ក្នុងការបិទជើងហោះហើរ ជាមួយអាហ្វ្រិកខាងត្បូងនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យមានការពិចារណាឡើងវិញ រឿងហាមឃាត់ប្រទេសចំនួន១០ នៅអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា។ តែត្រូវបង្កើនការធ្វើតេស្ត ចំពោះអ្នកធ្វើដំណើរមកពីប្រទេសទាំងនេះ។
គូសបញ្ជាក់ថា បើតាមសេចក្តីប្រកាស របស់តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា វីរុសបំប្លែងខ្លួនថ្មី B.1.1.529 (ឈ្មោះ អូមីក្រុង) ត្រូវបានរាយការណ៍ ជាលើកដំបូង ទៅកាន់អង្គការសុខភាពពិភពលោក ដោយប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។
ករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ដំបូងគេ ត្រូវបានរកឃើញនៅលើសំណាកមួយ ដែលប្រមូលបាននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។ ការឆ្លងនៅអាហ្រ្វិកខាងត្បូង បានកើនឡើងយ៉ាងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្របពេលជាមួយនឹងការរកឃើញ នូវមេរោគបំប្លែងខ្លួនថ្មីមួយនេះ។
អូមីក្រុង ជាវីរុសបំប្លែងខ្លួនថ្មី គួរឲ្យព្រួយបារម្ភ សម្រាប់ការឆ្លើយតប ជាសកលចំពោះការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩។ អូមីក្រុង អាចបំប្លែងខ្លួនជាវីរុស ចំនួនច្រើន ហើយការបំប្លែងខ្លួនមួយចំនួន នៅក្នុងចំណោមនោះ បង្កឲ្យមានការព្រួយបារម្ភ។
ភស្តុតាងបឋម បង្ហាញថា វីរុសបំប្លែងខ្លួនថ្មីនេះ បង្កឲ្យមានហានិភ័យខ្ពស់ជាងវីរុសបំប្លែងថ្មី ដែលគួរឲ្យព្រួយបារម្ភដទៃទៀត នៅក្នុងការឆ្លងជំងឺកូវីដ-១៩ឡើងវិញ។
ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលកម្ពុជា ក៏បានបង្ហាញអំពីវិធានការបន្ថែម ដើម្បីការពារ និងទប់ស្កាត់ បានទាន់ពេលវេលា នូវការចម្លងវីរុសប្រភេទថ្មីនេះ និងដើម្បីបន្តនិរន្តភាព នៃការរស់នៅក្នុងប្រក្រតីភាពថ្មី ក្នុងសង្គមកម្ពុជាផងដែរ៕