(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលត្រូវការគេហៅថា ជាស្ថានិកក្នុងការបង្រួបបង្រួមជាតិ ឬកំពូលអ្នកចរចា ពិសេសពាក់ព័ន្ធការចរចាដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជា បានទម្លាយរឿងមួយជាសាធារណៈពាក់ព័ន្ធប្រវត្តិ នៃការចរចាទាំងឡាយនៅក្នុងប្រទេសកម្ពុជា ប្រាប់រដ្ឋមន្ដ្រីការបរទេសឥណ្ឌូនេស៉ី ដែលជំនួបនេះធ្វើឡើងនៅថ្ងៃទី០១ ខែធ្នូម្សិលមិញ។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា មួយជីវិតរបស់សម្ដេចហើយកិច្ចចរចាទាំងឡាយ មិនដែលសម្រេចបានលទ្ធផលតាមការជជែកពិភាក្សាផ្លូវការ (លើតុ) នោះទេ ពោលភាគច្រើនលទ្ធផលដែលសម្រេចបាន គឺកើតចេញពីការចរចាក្រៅផ្លូវការ ដែលសម្ដេចហៅការចរចាបែបនេះថា ការងារក្រោមតុ។ ការបង្ហើបពីការចរចារបស់សម្ដេចនេះ គឺសម្ដៅទៅលើការចរចាទាំងឡាយ ដើម្បីបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា។
ការងារសម្ងាត់មួយនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ទម្លាយជាសាធារណៈក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធផ្លូវ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ដែលចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក នៅខេត្ដព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «ម្សិលមិញខ្ញុំប្រាប់និយាយត្រង់ៗ ជាមួយរដ្ឋមន្ដ្រីការបរទេសឥណ្ឌូនេស៉ីថា ខ្ញុំចរចាមួយជីវិតរបស់ខ្ញុំហើយ អាលើតុ (ការចរចាផ្លូវការ) នេះមិនដែលបានការទេ អាហ្នឹងគេគ្រាន់តែយកមកប្រថាប់ត្រាប៉ុណ្ណោះ។ ផ្ទុយទៅវិញគេធ្វើការក្រោមតុ (ការចរចាក្រៅផ្លូវការ) ត្រូវគ្នាហើយបានគេយកមកដាក់លើតុប្រថាប់ត្រា»។
ពាក់ព័ន្ធការចរចានេះ សម្ដេចតេជោ ហ៊ុន សែន បានលើករឿងមួយដែលជាបទពិសោធន៍ផ្ទាល់ ក្នុងការចរចារបស់សម្ដេច ដើម្បីរំលាយកងទ័ពជាមួយត្រីភាគី (ភាគីខៀវ សំផន, សឺនសាន និងសម្ដេចក្រុមព្រះ) ដែលកាលនោះសម្ដេចបានស្នើសុំរំសាយកងទ័ព៧០ភាគរយ ប៉ុន្ដែត្រីភាគីមិនព្រមនោះទេ ដោយចង់ទុកមួយភាគី ២,០០០នាក់ (ចំនួនកងទ័ព)។ សម្ដេចរំលឹកថា កងទ័ពត្រីភាគី មានចំនួន៥ម៉ឺននាក់ ហើយទុកបានចំនួន៦ពាន់នាក់ ខណៈខាងសម្ដេចមានកងទ័ពប្រមាណ១ម៉ឺន៥ពាន់នាក់ ដែលគ្រប់គ្រងទឹកដីជាង៩០ភាគរយ។
ដោយមើលឃើញពីស្ថានភាពបែបនេះ សម្ដេចតេជោ ហ៊ុន សែន ដែលមានផែនការច្បាស់លាស់ក្នុងការដឹកនាំនោះ បានណាត់ជួបតំណាងរដ្ឋាភិបាលបារាំង ដើម្បីប្រាប់អំពីការចង់បានរបស់សម្ដេច ក្នុងការរំសាយកងទ័ព។ ពេលនោះតំណាងរដ្ឋាភិបាលបារាំង ដែលតំណាងឲ្យប្រទេសធំៗ ចំនួន៥ បានយល់ស្របចំពោះការចង់បានរបស់សម្ដេចតេជោ ហ៊ុន សែន ប៉ុន្ដែសម្ដេចប្រាប់ទៀតថា ត្រីភាគី គឺតែងតែជំទាស់ចំពោះការចង់បានរបស់សម្ដេច ដូច្នេះមានតែតំណាងរដ្ឋាភិបាលបារាំង ទៅទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ប៉ុណ្ណោះទើបត្រីភាគីយល់ព្រម។
សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ដូចអ្វីដែលជាការរំពឹងទុករបស់សម្ដេច, ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានលើកចំណុចនេះឡើង នៅចំពោះមុខត្រីភាគី និងសម្ដេចតេជោ ហ៊ុន សែន ហើយគ្រប់ភាគីទាំងអស់ បានយល់ព្រមចំពោះការរំសាយកងទ័ព។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រើពាក្យថា «នំ ហ៊ុន សែន ធ្វើផ្ញើតាមអ្នកដ៏ទៃជូនមក ហ៊ុន សែន ស៉ីវិញ»។
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការងារនេះមិនមែនជាការប្រើប្រាស់នូវល្បិចកលនោះទេ ប៉ុន្ដែបើធ្វើនយោបាយគ្មានផែនការ ឬវិធីច្បាស់លាស់ទេ កុំហៅថា អ្នកនយោបាយ។ សម្ដេចបន្ថែមទៀតថា សូម្បីតែអាចារ្យវត្ត ក៏មានវិធីធ្វើមិចឲ្យពុទ្ធបរិស័ទចូលបច្ច័យឲ្យបានច្រើន។
យ៉ាងណាមិញ ការរំលឹកអំពីរឿងចរចារំសាយកងទ័ពនេះ គ្រាន់តែជារឿងមួយបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការចរចារបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងចំណោមបញ្ហាជាច្រើនទៀត ដែលកើតចេញពីការចរចារបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា សម្ដៅទៅរកការបង្រួបបង្រួមជាតិ រហូតមានសន្ដិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ៕