(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធពិភាក្សាគ្នាលើការបញ្ចប់សេចក្តីសម្រេច ហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន១០នៃទ្វីបអាហ្វ្រិក ដោយសម្តេចបានផ្ដល់អនុសាសន៍ថា ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១០បំប្លែងថ្មី «អូមីក្រុង» គឺត្រូវតែពង្រឹងវិធានការធ្វើតេស្តវិញ។
គួរជម្រាបថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចហាមឃាត់អ្នកដំណើរពីប្រទេសចំនួន១០នៃទ្វីបអាហ្រ្វិក ឬអ្នកដំណើរដែលមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសទាំង១០នេះក្នុងពេល៣សប្តាហ៍ រួមមាន ប្រទេសបុតស្វាណា (Botswana) អេស្វាទីនី (Eswatini អតីតស្វាស៉ីឡង់) ឡេសូតូ (Lesotho) ម៉ូសំប៊ិក (Mozambique) ណាមីប៊ី (Namibia) អាហ្វ្រិកខាងត្បូង (South Africa) ស៉ីមបាវ៉េ (Zimbabwe) ម៉ាឡាវី (Malawi) អង់ហ្គោឡា (Angola) និងប្រទេសសំប៊ី (Zambia)។ ការហាត់ឃាត់នេះក៏ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១០បំប្លែងថ្មី «អូមីក្រុង» ចូលមកប្រទេសកម្ពុជា។
នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវទាំង៣៧ខ្សែនៅខេត្តព្រះសីហនុ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន ចង់ឱ្យមានការពិចារណាឡើងវិញរឿងហាមឃាត់ប្រទេសចំនួន១០ខាងលើដែលចូលមកកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា បច្ចុប្បន្ន ប្រទេសទាំង១០នោះមិនមានជើងហោះហើរត្រង់មកកម្ពុជាឡើយ ប៉ុន្តែក្នុងករណីមានអ្នកដំណើរផ្លាស់ប្ដូរជើងហោះហើរ (Transit) បន្តមកដល់កម្ពុជា មន្ត្រីដែលប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិត្រូវតែពង្រឹងវិធានការធ្វើតេស្តតាម PCR ជាការចាំបាច់ ពោលគឺមិនធ្វើតេស្តរហ័សឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលមានតម្រូវការធ្វើដំណើរមកពីប្រទេសទាំងនោះ គប្បីបង្កើនការធ្វើតេស្ត ទោះបីគាត់ (អ្នកដំណើរ) មានវ៉ាក់សាំងហើយក៏ដោយ តែយើងសុំការអធ្យាស្រ័យពីគាត់ ដើម្បីយើងអាចធ្វើតេស្តតាម PCR វិញ ជាជាងយើងដាក់ប៉ារ៉ាស»។
ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា ការផ្លាស់ប្ដូរឥរិយាបថតាមរយៈការដកបម្រាម ហើយពង្រឹងវិធានការសុខាភិបាលដូច្នេះវិញ គឺជាការជៀសវាងឥរិយាបថរើសអើងក្រុមប្រទេសអាហ្វ្រិកទាំងនោះ ខណៈកម្ពុជាក៏បានប្រកាសបើកប្រទេសទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញដែរ។
ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន បានតម្រូវឱ្យមានការពិភាក្សាជាបន្ទាន់រវាងក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋលេខាធិការអាកាសចរណ៍ស៉ីវិល ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ប្រសិនបើពិភាក្សាត្រូវរ៉ូវគ្នាហើយ រាជរដ្ឋាភិបាលនឹងប្រកាសបញ្ចប់ការដាក់បម្រាមចាស់ឡើងវិញភ្លាម៕