(បាត់ដំបង)៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានរួមគ្នាសម្ពោធដាក់ឱ្យដំណើរការបច្ចេកវិទ្យាចម្រោះទឹកស្អាតថ្មីមួយ ដែលត្រូវបានតម្លើងនៅរោងចក្រផលិតទឹកស្អាត នៅខេត្តបាត់ដំបង និងផ្សព្វផ្សាយអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ «ផែនការវិនិយោគថ្នាក់ខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា»។
លើកឡើងនៅក្នុងពិធីដាក់ឱ្យដំណើរការបច្ចេកវិទ្យាសម្អាតទឹកថ្មីនេះ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ លោក ចម ប្រសិទ្ធ បានឱ្យដឹងថា ពិធីដាក់ឱ្យដំណើរការនេះថា បានបង្ហាញអំពីបច្ចេកវិទ្យា កំពុងត្រូវបានយកចិត្តទុកដាក់ប្រើប្រាស់ សម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយកម្មវិធី 3i ដែលបានគាំទ្រដល់ការសិក្សាផែនការវិនិយោគតាមបណ្តាខេត្ត (PIP) គឺជាត្រីវិស័យដ៏មានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍវិស័យ ទឹកស្អាត។
លោក ចម ប្រសិទ្ធ បានបន្ថែមថា កម្មវិធី 3i ក៏កំពុងផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីក្រសួង និងមន្ទីរទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ស្តីពីការគ្រប់គ្រង ទិន្នន័យ និងការធ្វើផែនការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ ដើម្បីអាចអនុវត្ត ផែនការវិនិយោគថ្នាក់ខេត្តសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។ តាមរយៈគម្រោង 3i អូស្ត្រាលី បាននិងកំពុងតែធ្វើការជាមួយប្រតិបត្តិករទឹកស្អាតឯកជន ចំនួន៨០ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដើម្បីផ្តល់ទឹកស្អាតតាមបំពង់ដល់គ្រួសារជនបទក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះនឹងជួយឱ្យប្រជាជនកម្ពុជាជាងមួយលាននាក់ ទទួលបានទឹកស្អាតតាមបំពង់សម្រាប់ប្រើប្រាស់។
លោក Pablo Kang បានឱ្យដឹងដែរថា លោកមានមោទកភាពដែលឃើញក្រុមហ៊ុនអូស្ត្រាលី នាំយកបច្ចេកវិទ្យាផលិតទឹកស្អាតប្រកបដោយសុវត្ថិភាព និងល្អសម្រាប់ បរិស្ថានមកកាន់ប្រទេសកម្ពុជា។ លោកសង្ឃឹមថា ការសិក្សាស្រាវជ្រាវ PIP នេះ ក៏នឹងផ្តល់នូវផែនទីបង្ហាញផ្លូវ និងឧបករណ៍គោលនយោបាយ ដ៏មានប្រយោជន៍ សម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការផ្តល់ទឹកស្អាតដល់ប្រជាជនកម្ពុជាទាំងអស់គ្នានៅត្រឹមឆ្នាំ ២០៣០។
សូមជម្រាបថា លោកឯកអគ្គរាជទូត Kang កាលពីខែកញ្ញា កន្លងទៅបានទៅទស្សនារោងចក្រនៅខេត្តបាត់ដំបង និងបានសម្រេចដាក់បច្ចេកវិទ្យាសម្អាតទឹករបស់អូស្ត្រាលី ក្នុងការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ប្រព័ន្ធសម្អាតទឹកនេះ ប្រើប្រាស់បច្ចេកវិទ្យា យូអេហ្វ (UF) និងអាងស្តុកទឹកដើម្បីចែកចាយទឹកស្អាត និងសុវត្ថិភាព ចំណុះ ១២០ ០០០លីត្រក្នុងមួយថ្ងៃ ដល់ប្រជាពលរដ្ឋប្រមាណ ៥ ០០០នាក់ នៅក្នុងភូមិចំនួន១២ ក្នុងឃុំព្រែកជីក ខេត្តបាត់ដំបង។
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) របស់ប្រទេសអូស្រ្តាលី ដែលមានទឹកប្រាក់វិនិយោគសរុប ៤៩,៤ លានដុល្លារអូស្ត្រាលី បានសហការជាមួយ សមាគមទឹក អូស្ត្រាលី (AWA) និងសមាគមផ្គត់ផ្គង់ទឹកកម្ពុជា (CWA) ដើម្បីនាំយកបច្ចេកវិទ្យាចម្រោះទឹកស្អាតនេះមកប្រទេសកម្ពុជា។ ក្រុមហ៊ុន DuPont Australia ផ្គត់ផ្គង់ឧបករណ៍ បច្ចេកវិទ្យាភ្នាស យូអេហ្វ ហើយ ក្រុមហ៊ុន Tiger Water Solutions ផ្គត់ផ្គង់អាងស្តុកទឹកដែកគ្មានច្រេះ ដែលមានចំណុះ ១០០ ០០០លីត្រ។ ក្រុមហ៊ុនអូស្រ្តាលីទាំងពីរ ចាប់ដៃគូជាមួយប្រតិបត្តិករទឹកស្អាតនៅកម្ពុជា ដែលមានឈ្មោះថា WE Venture ក្នុងការរៀបចំប្រព័ន្ធបណ្តាញចម្រោះនេះឡើង។
តាមរយៈ 3i អូស្ត្រាលីបានគាំទ្រក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការសិក្សាការផែនការវិនិយោគថ្នាក់ខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹក ស្អាតនៅកម្ពុជា «PIP» ដែលចង្អុលបង្ហាញការគ្របដណ្តប់នៃទឹកស្អាតតាមបំពង់នៅលើផែនទីនៅទូទាំង ២២ខេត្ត។ ការសិក្សានេះបានរកឃើញថា ប្រមាណជា ៥០ ភាគរយនៃភូមិសរុបនៅកម្ពុជា ត្រូវបានតភ្ជាប់ទៅបណ្តាញទឹកស្អាតតាមបំពង់ ហើយកម្ពុជាត្រូវការយ៉ាងតិចថវិកាប្រមាណជា ១៥០លានដុល្លារ ដើម្បីវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីចែកចាយទឹកស្អាតដល់ភូមិផ្សេងទៀត ដែលសមស្របសម្រាប់ការផ្គត់ផ្គង់ទឹកតាមបំពង់ផងដែរ៕