(រតនគិរី)៖ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២១ រដ្ឋបាលខេត្តរតនគីរី បានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី៣០ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តអាគារA ក្រោមអធិបតីភាពលោកណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្ត និងលោកញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត និងមានវត្តមានលោក-លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត,លោក-លោកស្រីជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់ អាវុធទាំង៣ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត។

កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖

១- បើកកិច្ចប្រជុំ
២- ពិនិត្យកូរ៉ុម
៣- ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ លើកទី២៩ របស់ក្រុមប្រឹក្សាខេត្ត
៤- ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារ ប្រចាំខែធ្នូ របស់រដ្ឋបាលខេត្ត
៥- ពិនិត្យ ពិភាក្សា និងអនុម័ត កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤ របស់រដ្ឋបាលខេត្ត
៦- ផ្សេងៗ
៧- បូកសរុបលទ្ធផល និងបិទអង្គប្រជុំ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរលោកណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធ ក្នុងការចូលរួម ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត បានល្អប្រសើរ ការចូលរួមទប់ស្កាត់បាននូវការរីករាលដាលនូវជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានអនុវត្តការងារសម្រេចជោគជ័យទៅតាមទិសដៅផែនការ ដែលរដ្ឋបាលខេត្តបានដាក់ចេញ តាមខែនីមួយៗ ជាពិសេសខែវិច្ឆិកា ដែលទើបកន្លងផុតថ្មីៗនេះ។

ជាមួយគ្នានេះ លោកប្រធានបានស្នើដល់អាជ្ញាធរជំនាញពាក់ព័ន្ធ ត្រូវបន្តអនុវត្តឲ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបន្តអនុវត្តការងាររបស់ខ្លួនឲ្យសម្រេចទទួល បានជោគជ័យថ្មីៗបន្ថែមទៀតស្របតាមផែនការ ដែលបានដាក់ចេញ។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថា ការសម្រេចជោគជ័យនូវផែនការអភិវឌ្ឍន៍ខេត្ត គឺដោយសារមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមានការសហការយ៉ាងស្វិតស្វាញពីសំណាក់អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធដែលទាំងនេះ ជាការសាមគ្គីភាពគ្នារវាងថ្នាក់ដឹកនាំខេត្តជាមួយមន្ត្រី និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រោមការដឹកនាំរបស់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

នាឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុកនិងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធសូមបន្តខិតខំប្រឹងប្រែងចូលរួម ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវបន្តសកម្មភាពបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន៕