(សៀមរាប)៖ លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំបន្ទាន់មួយនៅសាលាស្រុកជីក្រែង ដើម្បីពិនិត្យផែនទីទិន្នន័យ ផ្ទៃដីក្នុងតំបន់២ និងតំបន់៣ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុកជីក្រែង ក្នុងការទប់ស្កាត់ជនខិលខូចដែលលួចកាប់បំផ្លាញតំបន់ព្រៃលិចទឹកបឹងទន្លេសាប ។
កិច្ចប្រជុំថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ មានការចូលរួមពីសំណាក់ អភិបាលរងខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី, មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី មន្ទីរធនធានទឹកនិងឧតុនិយម មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ មន្ទីរបរិស្ថាន ខ័ណ្ឌរដ្ឋបាលជលផល អភិបាលស្រុក និងមេឃុំជាប់បឹងទន្លេសាបទាំងអស់ក្នុងភូមិសាស្ត្រស្រុកជីក្រែង ដោយមានការចូលរួមប្រមាណ១០០នាក់ ដោយបានប្រើប្រាស់ទូកម៉ាស៊ីនចំនួន ១៨គ្រឿង។
លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានលើកឡើងអំពីទិន្នន័យការកាត់ឆ្វៀលផ្ទៃដី ស្ថិតនៅក្នុងដែនព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាបឆ្នាំ២០១២ នៅក្នុងភូមិសាស្ត្រ ស្រុក ជីក្រែង ហើយផ្ទៃដីព្រៃលិចទឹកដែលបានឆ្វៀលកន្លងមកក្នុងតំបន់៣ មានទំហំ ៣,៩៧៩ហិកតា ដោយគ្របដណ្តប់ លើឃុំចំនួន៧របស់ស្រុក ព្រមទាំងបានបោះបង្គោលកំណត់ព្រំប្រទល់តំបន់៣ និងមានការកំណត់និយមការកាត់ឆ្វៀល ដីស្រែ ៣៥៦ចំណុច និងបានប្រគល់ឲ្យឃុំថែរក្សាបង្គោលតម្រុយ ក្នុងការទប់ស្កាត់ការកាប់រុករានដីព្រៃលិចទឹកបឹងទន្លេសាប ក្នុងតំបន់៣ ។
របាយការណ៍របស់នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៦ ដល់២០២១នេះ ការបង្រ្កាបបទល្មើសចូលរុករានព្រៃលិចទឹកក្នុងតំបន់៣ មាន៨៦ករណី ក្នុងឃុំជាប់ភូមិសាស្ត្របឹងទន្លេសាបទាំង៧ឃុំរបស់ស្រុកជីក្រែង ស្មើនឹងផ្ទៃដី ៧៤៥.៨៨ហិចតា ព្រមទាំងបានកំណត់មុខ សញ្ញាបទល្មើស និងជនល្មើសដាក់ទៅតុលាការផងដែរ។
អភិបាលខេត្តសៀមរាប លោក ទៀ សីហា ក៏បានលើកថា គ្រប់ដែនសមត្ថកិច្ចក្នុងស្រុកជីក្រែង ដែលពាក់ព័ន្ធជុំវិញបឹងទន្លេសាប ត្រូវទទួលខុសត្រូវក្នុងការអនុវត្ត និងត្រូវប្រគល់ជូនរដ្ឋវិញ បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខចំពោះច្បាប់។ ដើម្បីការពារបឹងទន្លេសាបដែលកំពុងតែរងគ្រោះដោយគោករាក់ និងបាត់បង់ព្រៃលិចទឹកដោយ ការបំផ្លិចបំផ្លាញ ពីក្រុមជនអនាធិបតេយ្យ ចាំបាច់ត្រូវតែមានវិធានការ បទបញ្ជារឲ្យអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាបទាំងអស់ ទទួលខុសត្រូវទៅលើបញ្ហា ទប់ស្កាត់ជាបន្ទាន់ នូវការកាប់រានដីព្រៃលិចទឹក ដែលឈានទៅដល់ការកើតឡើងវិញបន្ទាប់ពីទឹកសម្រក ។
លោកអភិបាល បានបន្តទៀតថា ព្រៃលិចទឹកមានសារៈសំខាន់ សម្រាប់ទីជម្រកត្រីពងកូន និងជីវៈចម្រុះ នៅក្នុងបឹងទន្លេសាប តែបើសិនព្រៃលិចទឹក បាត់បង់ជារៀងរាល់ឆ្នាំនោះ វានឹងធ្វើឲ្យប៉ះពាល់យ៉ាងច្រើនដល់ជីវៈចម្រុះ ជាពិសេសទិន្នផលត្រី និង មានការថយចុះជារៀងរាល់ឆ្នាំ ព្រមទាំងសត្វស្លាបផងដែរ។
លោកអភិបានបានបញ្ជាក់ទៀតថា ការចុះពិនិត្យលើព្រៃលិចទឹកនាពេលនេះ មានការលំបាកក្នុងការកំណត់ តំបន់បន្ដិច ដោយសារទឹកមិនទាន់ស្រក មើលមិនឃើញច្បាស់ពីតំបន់ព្រៃលិចទឹកដែលបានបាត់បង់នោះទេ ។
លោកអភិបាល ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានផ្តល់ឱកាសឲ្យអាជ្ញាធរ បញ្ចប់នៃការកាប់ទន្រ្តានព្រៃលិចទឹកបន្តទៀត នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ព្រៃលិចទឹក មិនត្រឹមតែជាសក្តានុពលត្រីប៉ុណ្ណោះទេ ភ្ញៀវទេសចរមកដំណើរដើរទស្សនាកម្សាន្តនៅតាមប្រាង្គប្រាសាទរួច ភ្ញៀវទេសចរក៏បានបន្តមកទស្សនាកម្សាន្ត នៅតំបន់បឹងទន្លេសាប ទស្សនាព្រៃលិចទឹក សត្វស្លាប ព្រមទាំងជីវចម្រុះជាច្រើនទៀត៕