(ព្រៃវែង)៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការជួសជុលផ្លូវឡើងវិញដែលមានប្រវែង៣,៥០០ ម៉ែត្រស្ថិតនៅក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកក៏ដូចជា ការដឹកនៅកសិផលកសិកម្ម កសិផលនេសាទ របស់គាត់ដែលផលិតបានទៅលក់នៅទីផ្សារជាដើម។

លោក ម៉ននី បណ្ឌិត បានលើកឡើងថា ផ្លូវនេះកាលពីមុន ជាប្រភេទផ្លូវលំហើយមានសភាពតូចចង្អៀត ហើយពិបាកក្នុងការធ្វើដំណើរបន្ទាប់មកនៅឆ្នាំ២០១១ ក៏ត្រូវបានកសាងទៅជាប្រភេទផ្លូវកៅស៊ូ ក៏ប៉ុន្តែផ្លូវនេះត្រូវបានខូចខាត និងនៅតែចង្អៀតដ៏ដែល។ មកដល់ពេលនេះផ្លូវនេះ រាជរដ្ឋាភិបាលបានជួសជុលឡើងវិញ ដើម្បីឲ្យមានសភាពធំទូលាយជាងមុនដោយមានទទឹងចំនួន ៨ម៉ែត្រ និងបណ្ដោយ ៣,៥០០ ម៉ែត្រដែលជាផ្លូវក្រាលកៅស៊ូ DBST។ ផ្លូវនេះដែរ ជាផ្លូវមួយដ៏សំខាន់សម្រាប់តភ្ជាប់ពីក្រុងព្រៃវែង ទៅកាន់ស្រុកពោធិ៍រៀង ក៏ដូចជាស្រុកដទៃទៀត ដែលគាត់តែងតែធ្វើដំណើរតាមផ្លូវនេះ។

លោកអភិបាលក្រុង បានបន្តទៀតថា ផ្លូវមួយខ្សែនេះ ជួយសម្រួលដល់វិស័យសុខាភិបាលក្នុងការដឹកអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត តាមរយៈផ្លូវនេះពីស្រុកពោធិ៍រៀង មិនតែប៉ុណ្ណោះទេវាងាស្រួលដល់បងប្អូនៗ សិស្សានុសិស្ស ធ្វើដំណើរទៅសិក្សានៅឯវិទ្យាល័យ បឋមសិក្សា សលកវិទ្យាល័យផងដែរ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវមួយខ្សែនេះ បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយជាខ្លាំង ដោយគាត់បានលើកឡើងថា ផ្លូវនេះពីមុនពិបាកក្នុងការធ្វើដំណើរឱ្យតែមេឃភ្លៀងគឺមានភក់ មានក្រឡុកច្រើន ពិបាកក្នុងការធ្វើដំណើរ ជាពិសេសគឺក្មេងៗទៅសិក្សារៀនសូត្រ និងនៅពេលដែលមានជំងឺឈឺថ្កាត់យប់ព្រលប់ក៏ពិបាកក្នុងការធ្វើដំណើរទៅមន្ទីរពេទ្យនោះផងដែរ។

លោកអភិបាលក្រុង ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលទទួលបានផ្លូវមួយខ្សែនេះសូមជួយ ថែរក្សាឲ្យបានគង់វង្សយូរអង្វែងដោយមិនត្រូវដឹកលើសទម្ងន់នោះទេ៕