(ព្រះសីហនុ)៖ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា អស់រយៈពេល៣ថ្ងៃកន្លងទៅគឺចាប់ពីថ្ងៃទី៤-៦ ខែមេសា ឆ្នាំ២០២២ មន្រ្ដីបម្រើការងារនៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនជាង៥០នាក់ ទទួលបានការផ្ទេរចំណេះដឹងពីវេជ្ជបណ្ឌិតក្រុមគ្រូពេទ្យ និងមន្ត្រី ជំនាញរបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលើការងារព្យាបាល និងស្តារនីតិសម្បទា សម្បទា អ្នកញៀនគ្រឿងញៀនដើម្បីពង្រឹងសមត្ថភាព របស់ខ្លួនបង្កើនប្រសិទ្ធភាពការងារ។
ឧត្តមសេនីយ៍ទោ លឹម តុងហួត បានប្រាប់ឱ្យដឹងបន្ថែមថា ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរួមសហការគ្នាពង្រឹងប្រសិទ្ធភាពការផ្តល់សេវាព្យាបាល ស្តារនីតិសម្បទា សម្បទា អ្នកញៀនគ្រឿងញៀន ដោយត្រូវបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: ស្របតាមទីផ្សារការងារ បង្កើតមូលនិធិជួយទ្រទ្រង់ការបើករបរចិញ្ចឹមជិវិត និងរកការងារឱ្យពួកគាត់ធ្វើពេលពួកគេបានជាសះស្បើយ និងបំពេញគ្រប់លក្ខខណ្ឌរបស់មជ្ឈមណ្ឌលជាតិ ដែលបានកសាងអស់ទឹកប្រាក់ជាង៧លានដុល្លារ លើផ្ទៃដី២០ហិកតា ដែលអាចផ្ទុកទទួលជនរងគ្រោះដោយសារគ្រឿងញៀនបានជាង២០០០នាក់មួយនេះ។
ឧត្តមសេនីយ៍ទោ លឹម តុងហួត បានបន្ថែមទៀតថា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ នឹងដឹកនាំសម្របសម្រួលចុះអនុស្សារណ:យោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន និងវិស័យឯកជនដើម្បីជួយទទួលយកកំលាំងពលកម្មពីមជ្ឈមណ្ឌលជាតិដែលជាអតីតប្អូនៗ ជាជនរងគ្រោះបានជាសះស្បើយពីគ្រឿងញៀនដើម្បីកុំឲ្យពួកគេលាប់ត្រឡប់ទៅប្រើប្រាស់គ្រឿងញៀនឡើងវិញ។
កម្មវិធីបណ្ដុបណ្តាលនេះ នឹងបន្តទៅដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ស្អែកទៀត ហើយប្រារព្ធពិធីបទបញ្ចប់ និងប្រគល់បណ្ណសរសើរ វិញ្ញាបនបត្រ ជូនគ្រូឧទ្ទេស និងសិក្ខាកាមក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២១ កម្ពុជាគ្រប់គ្រងបានអ្នកប្រើ និងអ្នកញៀនគ្រឿងញៀនមានចំនួន១៦.២៦៤នាក់ ក្នុងនោះធ្វើសមាហរណកម្មចេញពីមណ្ឌលមាន៧.៤៨២នាក់ បន្តព្យាបាលនៅតាមមណ្ឌលមាន ៣.០៤៩ នាក់ ទៅទទួលសេវាព្យាបាលតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងរាជធានីខេត្ត មានចំនួន៥.១២៤នាក់ បញ្ជូនទៅពន្ធនាគារចំនួន៦០៩ នាក់៕