(ស្ទឹងត្រែង)៖ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ បានសហការជាមួយអង្គការដៃគូរួមមានអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការអភិរក្សអន្តរជាតិ (CI) គម្រោងព្រៃឡង់បៃតង របស់ទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអននតរជាតិ (USAID Green Prey Lang) រៀបចំសន្និសីទសារព័ត៌មានស្តីពី អន្ទាក់សូន្យ នៅខេត្តស្ទឹងត្រែង។

«យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ផ្តួចផ្តើម និងដឹកនាំរៀបចំដោយក្រសួងបរិស្ថាន ដោយមានការចូលរួមរបស់អង្គការអន្តរជាតិដៃគូ ក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ បានចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ និងប្រព្រឹត្តទៅរយៈពេល៦ខែ នៅក្នុងបណ្តាខេត្តខាងកើតទន្លេមេគង្គរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ។

នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា គោលបំណងសំខាន់ដែលក្រសួងបរិស្ថាន និងអង្គការដៃគូបើកយុទ្ធនាការអន្ទាក់សូន្យនៅខេត្តស្ទឹងត្រែង ដើម្បីផ្សព្វផ្សាយអប់រំអំពី ផលប៉ះពាល់ ដោយសារអន្ទាក់ទៅលើជីវិត សត្វ និងជីវិតមនុស្ស ពង្រឹងការអនុវត្តច្បាប់ ការផ្លាស់ប្តូរឥរិយាបថពលរដ្ឋ ឱ្យបង្កើនការប្រតិបត្តិ មេត្រីបរិស្ថាន ស្រឡាញ់សត្វព្រៃជីវៈចម្រុះ និងការលុបបំបាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ខុសច្បាប់ និងការលុបបំបាក់ ការជួញដូរសាច់សត្វព្រៃ ក៏ដូចជាបង្កើនសុវត្ថិភាពដល់សត្វព្រៃគ្រប់ប្រភេទ។ ខណៈខេត្តស្ទឹងត្រែង ជាខេត្តមួយដែលមានភាពល្បីល្បាញជុំវិញការលួចលក់សត្វព្រៃ នៅតាមទីផ្សារមួយចំនួនជាដើម។

លោក នេត្រ ភក្ត្រា បានលើកឡើថា បរិមាណអន្ទាក់ដែលបានដោះនៅឆ្នាំ២០២១ មានចំនួន ៦១,៦១១អន្ទាក់ កើនឡើងប្រមាណជាង២០% បើប្រៀបធៀបនឹងបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២០ ដែលមានចំនួន ៤៣,២៧០អន្ទាក់។ លោកបានថ្លែងថា អន្ទាក់ដែលត្រូវបានដោះចេញ អន្ទាក់ជាឃាតកលាក់មុខដែលបន្តសម្លាប់សត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ព្រោះមានប្រភេទអន្ទាក់ឆក់ខ្សែភ្លើង អន្ទាក់វាយបំបាក់ស្មងជើង និងប្រភេទគ្រោះថ្នាក់ផ្សេងៗទៀត។

បើតាមលោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង បានឱ្យដឹងថា មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ខេត្តបានខិតខំសហការជាមួយអាជ្ញាធរ និងអង្គការដៃគូពាក់ព័ន្ធរួមនឹងសហគមន៍មូដលដ្ឋាននានា ចុះល្បាត និងការអប់រំប្រជាពលរដ្ឋ ឱ្យយល់ដឹងពីសារៈសំខាន់នៃសត្វព្រៃ និងធនធានធម្មជាតិជាដើម។

លោក សេង ទៀក ប្រធានអង្គការ WWF បានឱ្យដឹងថា បច្ចុប្បន្នអន្ទាក់ដែលត្រូវបានគេដោះ នៅតាមតំបន់ការពារធម្មជាតិ បានត្រឹមតែ២០ភាគរយប៉ុណ្ណោះ ហើយចំនួន៨០ភាគរយទៀត មិនទាន់បានដោះ ដែលជនល្មើសបានដាក់នៅតាមតំបន់ធនធានធម្មជាតិនានានៅប្រទេសកម្ពុជា។ ខណៈនៅឆ្នាំ២០២១ កន្លងមកនេះ មានអន្ទាក់ជាង១ម៉ឺន ២ពាន់អន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធនធានធម្មជាតិមួយចំនួន ដែលគាំទ្រដោយអង្គការ WWF។ អ្វីដែលជាក្តីព្រួយបារម្ភនោះ គឺវត្តមានអន្ទាក់ឆក់ កាន់តែមានចំនួនច្រើននៅក្នុងតំបន់ការពារ។

ប្រធានអង្គការ WWF រូបនេះ បានលើកឡើងដោយបញ្ជាក់ថា ផ្អែកតាមរបាយការណ៍ឆ្នាំ២០២០ នៅតាបន់អាស៊ីអាគ្នេយ៍ មានអន្ទាក់ប្រមាណ ១២លានអន្ទាក់ ដូចជាប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាមឡាវ ថៃ និងកម្ពុជា ដែលកំពុងគំរាមកំហែងសត្វព្រៃ។ ដោយអន្ទាក់ទាំងនេះ គឺជាដើមចមធ្វើឱ្យបាត់បង់នូវសត្វកម្រៗ ក្នុងលោកដូចជា ខ្លា ខ្លារខិន ខ្លាពពកស ឆ្កែព្រៃ ខ្លាឃ្មុំជាដើម។

អន្ទាក់ដែលត្រូវបានដោះចេញ អន្ទាក់ជាឃាតកលាក់មុខដែលបន្តសម្លាប់សត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ព្រោះមានប្រភេទអន្ទាក់ឆក់ខ្សែភ្លើង អន្ទាក់វាយបំបាក់ស្មងជើង និងប្រភេទគ្រោះថ្នាក់ផ្សេងៗទៀត។ យុទ្ធនាការ អន្ទាក់សូន្យនឹងជាផ្នែកមួយនៃការជួយបញ្ជ្រាបការយល់ដឹងរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយចំនួនអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ៕