(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌឬស្សីកែវ និងខណ្ឌព្រែកព្នៅ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងកម្មាភិបាលរបស់គណបក្សប្រជាជនកម្ពុជាក្នុងការការពារអាយុជីវិតប្រជាជន ជាពិសេសក្នុងដំណាក់ការលំបាកនៃការរីករាលដាលជំងឺកូវីដ១៩។
លោក ហ៊ុន ម៉ានី បានលើកឡើងថា «គណបក្សប្រជាជន បម្រើប្រជាជនដោយស្មោះស្ម័គ្រ»។ លោកបានបន្តថា ទន្ទឹមនឹងពេលដែលប្រជាជនបាននៅក្នុងផ្ទះដើម្បីឲ្យបានជៀសពីមេរោគ តែមន្រ្តី កងកម្លាំង និងអាជ្ញាធរមិនត្រឹមតែមិនបានសម្រាកនៅផ្ទះនោះទេ តែពួកគាត់ខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ដើម្បីអនុវត្តការងារ ថែមទាំងត្រូវប្រឈមមុខខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ទៀតផង។
ជាមួយគ្នានេះ លោកបានរំលេចពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលើសុខមាលភាពប្រជាជនដោយលោកបានគូសបញ្ជាក់ថា «ទោះបីជាកម្ពុជាសម្រេច បានការចាក់វ៉ាក់សាំងជាង ៩២ភាគរយហើយក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តបញ្ជាទិញវ៉ាក់សាំងបន្ថែមដើម្បីចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់»។
លោកបន្ថែមថា ប្រសិនបើយើងត្រឡប់ទៅមើលវិធានការណ៍នានារបស់រាជរដ្ឋាភិបាល រួមទាំងការបិទខ្ទប់នានា យើងប្រាកដជាយល់អំពីចេតនារបស់ថ្នាក់ដឹកនាំដែលចង់ឲ្យប្រជាជនបានសុខ ឬបានចាកផុតពីការឆ្លងមេរោគទាំងអស់នោះ ព្រមទាំងធ្វើយ៉ាងណារក្សាលំនឹងសេដ្ឋកិច្ច និងស្ថិរភាពសង្គម។ ចេញពីវិធានការណ៍ទាំងអស់នោះហើយ ទើបកម្ពុជាមានលទ្ធភាពបើកប្រទេសមក ស្ថានភាពធម្មតាវិញ ជាពិសេសបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងការប្រារព្ធ ពិធីបុណ្យចូលឆ្នាំថ្មី និងការជួបជុំនានា ក្នុងពេលដែលប្រទេសមួយចំនួនកំពុងតែជួបប្រទះអត្រាឆ្លងខ្ពស់នៃការរាតត្បាតនៅឡើយ។
សូមជម្រាបជូនថា លោក ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈ ចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌឬស្សីកែវ និងខណ្ឌព្រែកព្នៅ រួមជាមួយវត្តមានចូលរួមពីសំណាក់ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានី និងជាប្រធានគណៈចលនាមហាជនរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនាមហាជននៃគណៈកម្មាធិការគណបក្ស និងថ្នាក់ដឹកនាំសង្កាត់នៃខណ្ឌទាំងបួន នៅសាលប្រជុំនៃគណបក្សប្រជាជន កម្ពុជា រាជធានីភ្នំពេញ៕