(ភ្នំពេញ)៖ ពិព័រណ៌វប្បធម៌ ទេសចរណ៍ និងកីឡា ត្រូវបានបើកជាផ្លូវការហើយនារាត្រីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា លោក អេមេណេហ្គលីដូ គូប៉ា ឡូប៉េស (Ermeneglido Kupa Lopes) នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ព្រឹត្តិការណ៍កម្សាន្តដ៏ធំនៅរាជធានីភ្នំពេញនេះត្រូវបានរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦-១០ ខែមេសា ឆ្នាំ២០២២ ក្រោមកិច្ចសហការរៀបចំ និងគាំទ្រពីក្រសួងទេសចរណ៍ សាលារាជធានីភ្នំពេញ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនដែលបានរួមគ្នារៀបចំកម្មវិធី (KHBN)។ គោលបំណងគឺដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីជាតិ និងបំផុសពីផលិតផលទេសចរណ៍ក្នុងស្រុក។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា តាមរយៈព្រឹត្តិការណ៍នេះក៏ជាឱកាសសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានមកទស្សនា និងស្វែងយល់អំពីពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាសមិទ្ធផលជាតិដ៏ធំធេងថ្មីសន្លាងមួយ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ។ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាគោលដៅទេសចរណ៍ថ្មីមួយដែលស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលទាក់ទាញសម្រាប់ភ្ញៀវទេសចរ ហើយក៏នឹងក្លាយជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិ SEA Games ឆ្នាំ២០២៣ នាពេលខាងមុខនេះ។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងសំណើមួយចំនួនដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងធានាបាននូវស្ថិរភាព និងនិរន្តរភាពនៃដំណើការមូលដ្ឋានអាជីវកម្មទេសចរណ៍ និងគោលដៅទេសចរណ៍ឡើងវិញ ជាពិសេសត្រៀមទទួលភ្ញៀវទេសចរដើរកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ក្នុងនោះមានដូចជា៖
១៖ ស្នើគ្រប់ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធត្រូវបន្តយកចិត្តទុកខ្ពស់លើការអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) សម្រាប់អាជីវកម្មទេសចរណ៍ ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ និងវិធានសុវត្ថិភាពនានារបស់រាជរដ្ឋាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវ។
២៖ គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រតិបត្តិករទេសចរណ៍ទាំងអស់គួរសម្របខ្លួន និងកែប្រែគំរូអាជីវកម្មឱ្យស្របតាមបរិបទនៃគន្លងប្រក្រតីភាពថ្មី (New Normal) ជាមួយការបន្តប្រុងប្រយ័ត្នខ្ពស់ ដោយផ្សារភ្ជាប់នឹងការអនុវត្តវិធានសុវត្ថិភាពដែលមានជាធរមាន។
៣៖ គ្រប់ភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មទេសចរណ៍ត្រូវគិតគូរអំពីគំរូអាជីវកម្មប្រភេទថ្មី (New Business Model) ដើម្បីសម្របទៅតាមស្ថានភាពសេដ្ឋកិច្ច-សង្គមជាក់ស្តែង ដោយក្នុងនោះត្រូវការបំប្លែងខ្លួនទៅរកការបម្រើសេវាកម្មទេសចរណ៍ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ (Digitalization) ត្រូវពង្រឹងគុណភាព អនាម័យ និងសុវត្ថិភាពក្នុងការផ្តល់សេវាកម្ម និងផលិតផលទេសចរណ៍ជូនដល់ភ្ញៀវទេសចរ និងត្រូវពង្រឹងសមត្ថភាព និងគុណភាព ពិសេសការបង្កើនផលិតភាពជាដើម។
នាឱកាសនោះដែរ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានស្នើសុំឱ្យប្រជាជនក្នុងរាជធានីភ្នំពេញ និងភ្ញៀវទេសចរទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការសុខាភិបាល វិធានការ «៣កុំ ៣ការពារ» ឱ្យបានត្រឹមត្រូវខ្ជាប់ខ្លួន ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងធានាបាននូវស្ថិរភាព និងនិរន្តរភាពនៃដំណើរការមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅរាជធានីភ្នំពេញ ជាពិសេសនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។
លោកស្រីអភិបាលរងរាជធានីភ្នំពេញក៏បានស្នើឱ្យម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវបន្តអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) ទៅតាមប្រភេទសេវាកម្មរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានោះ លោកស្រី បូរ៉ានិច តំណាងក្រុមហ៊ុនឯកជនដែលបានរួមគ្នារៀបចំកម្មវិធីពិព័រណ៍នេះក៏បានឱ្យដឹងដែរថា ព្រឹតិ្តការណ៍នេះមានកម្មវិធីប្រលងសម្លៀកបំពាក់វប្បធម៌ខ្មែរ អមដោយបទចម្រៀងបុណ្យចូលឆ្នាំខ្មែរ និងបទចម្រៀងប្រពៃណីខ្មែរ តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គម Tik Tok Award, Tik Tok Party និង Tik Tok Charity ដំបូងគេនៅកម្ពុជា ដែលនឹងប្រមូលផ្តុំតារា Tik Tok ល្បីៗប្រចាំកម្ពុជាមកជួបជុំគ្នា ដើម្បីប្រកួតប្រជែងយកជ័យលាភី Tik Tok Award ឆ្នាំ២០២២ និងប្រមូលថវិកាសប្បុរសធម៌ បរិច្ចាកដល់មន្ទីរពេទ្យគន្ធបុប្ផា។
ជាងនេះទៅទៀត ក៏មានការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងផលិតផលទូទៅ ពិព័រណ៌ទេសចរណ៍ ពិព័រណ៍អប់រំ ពិព័រណ៍វប្បធម៌ ពិព័រណ៍ហិរញ្ញវត្ថុ និងអចលនទ្រព្យ ពិព័រណ៍យានយន្ត និង ពិព័រណ៍កីឡា ដែលមានសរុបជិត៣០០ស្តង់។
ទន្ទឹមនេះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានអំពាវនាវ និងក្រើនរំលឹកដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចូលរួមផ្សព្វផ្សាយ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការការពារ និងរក្សាបាននូវសុវត្ថិភាព ទំនុកចិត្ត និងផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅកម្ពុជា រួមចំណែកក្នុងការជំរុញផ្សព្វផ្សាយ «កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ»។
នាឱកាសនោះដែរ ក្រសួងសុខាភិបាល តាមរយៈលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានប្រគល់ឧបករណ៍តេស្តរហ័សកូវីដ១៩ចំនួន៥០០ប្រអប់ ហើយក្រសួងទេសចរណ៍ក៏បានប្រគល់ម៉ាសចំនួន១០០,០០០ម៉ាសជូនដល់រដ្ឋបាលរាជធានីភ្នំពេញជាមួយគ្នានោះផងដែរ៕