(ស្ទឹងត្រែង)៖ ក្រសួងបរិស្ថាន អាជ្ញាធរ និងអង្គការដៃគូរអភិរក្សធនធានធម្មជាតិនៅកម្ពុជា បានទទូចឱ្យអាជ្ញាធរមានសមត្ថកិច្ច អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនៃការចាប់ ដាក់អន្ទាក់ ប្រមាញ់ និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ និងបទល្មើសនៃការជួញដូរសត្វព្រៃ និងសំណាកសត្វព្រៃដើម្បីចូលរួមការពារ និងអភិរក្ស សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទឱ្យបានគង់វង្ស។

អ្វីដែលជាក្តីព្រួយបារម្ភបន្ថែមទៀតរបស់មន្ត្រីជំនាញ និងអង្គការដៃគូនានានោះ គឺក្រុមព្រានព្រៃបានប្រើប្រាស់អន្ទាក់ឆក់ កាន់មានសភាពកើនឡើងនៅតាមតំបន់ការពារធនធានធម្មជាតិនានា ហើយអន្ទាក់ឆក់នេះ បានបង្កគ្រោះថ្នាក់កាន់ខ្លាំងឡើងដល់សត្វព្រៃ និងមនុស្ស។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការ «អន្ទាក់សូន្យ» នៅខេត្តស្ទឹងត្រែង ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ថា នេះជាពេលវេលាមួយដែលយើងទាំងអស់គ្នាត្រូវ រួមសហការគ្នាចាត់វិធានល់ការអភិរក្សបន្ទាន់ និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីចូលរួមទប់ស្កាត់កត្ដាគម្រាមកំហែងចម្បងៗទាំងនេះជាពិសេសពីកត្តាអន្ទាក់។

បន្ថែមពីនេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា បញ្ហាអន្ទាក់ នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា មិនមែនកើតឡើងតែនៅ ក្នុងប្រទេសកម្ពុជានោះទេ អន្ទាក់រាប់លានត្រូវបានគេប៉ាន់ប្រមាណថា មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសមួយចំនួនផ្សេងទៀតក្នុងតំបន់ ដូចជានៅក្នុងប្រទេសឡាវ វៀតណាម ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ីជាដើម។ វាជាការចាំបាច់ត្រូវរៀបចំនូវវិធានការពហុវិស័យដែលនឹងជាចលករជំរុញការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតពលរដ្ឋមួយចំនួនដែលប្រកបរបរដាក់អន្ទាក់ ការប្រមាញ់ និងការចូលចិត្តហូបសាច់សត្វព្រៃ ដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅទូទាំងប្រទេសកម្ពុជា។

«សូមអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនៃការចាប់ ដាក់អន្ទាក់ ប្រមាញ់ និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ និងបទល្មើសនៃការជួញដូរសត្វព្រៃ និងសំណាកសត្វព្រៃដើម្បីចូលរួមការពារ និងអភិរក្ស សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទឱ្យបានគង់វង្ស និងរីកចម្រើន សម្រាប់បន្សល់ទុកដល់មនុស្សរាប់ជំនាន់ទៀត»។ នេះជាការទទូចបន្ថែមរបស់ លោក នេត្រ ភក្ត្រា។

មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា អន្ទាក់សម្លាប់សត្វព្រៃដោយមិនរើសមុខឡើយរាប់ចាប់ពីពពួកសត្វអណ្តើក រហូតដល់សត្វ ដំរី ពពួកពានរ ក៏ដូចជា សត្វ ស្លាប គឺសុទ្ធសឹងទទួលរងគ្រោះថ្នាក់ដោយអន្ទាក់ទាំងអស់។ សត្វព្រៃដែលបានជាប់អន្ទាក់ហើយត្រូវចុះថមថយ កម្លាំងអស់រយៈពេលជាច្រើនថ្ងៃមុនឈានដល់ការស្លាប់ដោយសារមានរបួស ខ្វះទឹក ឬការអត់អាហារ។ អន្ទាក់ គឺជាកត្តារួមចំណែកដ៏ធំមួយដល់ភាពផុតពូជនៃសត្វខ្លាធំនៅក្នុងប្រទេសកម្ពុជា និងជាកត្តារួមចំណែកដ៏ចំបងមួយនៃការធ្លាក់ចុះដ៏គួរឲ្យកត់សម្គាល់នៃចំនួនសត្វខ្លារខិន។

ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យរូបនេះបានបន្តថា នៅកម្ពុជាសត្វខ្ទីង ទន្សោង ប្រើស និងសត្វក្រចកជើងចំពាមច្រើនប្រភេទទៀតកំពុងរងការគំរាមកំហែង និងប្រឈមនឹងការផុតពូជដោយសារតែវិបត្តិអន្ទាក់នេះ។ រីឯសត្វត្មាត និងសត្វត្រយងយក្ស សត្វក្រៀល ដែលសុទ្ធសឹងជាប្រភេទសត្វស្លាបរងគ្រោះថ្នាក់ជិតផុតពូជបំផុតក៏រងគ្រោះដោយវិបត្តិអន្ទាក់នេះ និងការបំពុលផងដែរ។ អន្ទាក់ច្រើនប្រភេទ ទាំងនេះមានតម្លៃថោកត្រូវបានគេ ធ្វើឡើងពី ខ្សែគោ ឬខ្សែកាបក្នុងចំនួនដ៏ច្រើនឥតគណនាសម្រាប់ដាក់ចាប់ និងសម្លាប់សត្វព្រៃគ្រប់ប្រភេទដោយមិនរើសមុខឡើយ ក្នុងនោះរាប់បញ្ចូលទាំងប្រភេទសត្វសំខាន់ៗជាសកល ដែលរាជរដ្ឋាភិបាល និងដៃគូបាននងកំពុងធ្វើការរួមគ្នាយ៉ាងសកម្មដើម្បីការពារឲ្យនៅស្ថិតស្ថេរគង់វង្ស។

អន្ទាក់មិនត្រឹមតែធ្វើឱ្យសត្វព្រៃបាត់បង់ពីទីជម្រកព្រៃធម្មជាតិប៉ុណ្ណោះទេ តែវាថែមទាំងបង្កើនហានិភ័យនៃការចម្លងប្រភេទជំងឺពីសត្វទៅមនុស្សផងដែរ។ អ្នកដែលដាក់អន្ទាក់ អ្នកលក់ និងអ្នកបរិភោគសាច់សត្វព្រៃសុទ្ធសឹងជាអ្នកដែលប្រឈមទៅនឹងហានិភ័យនៃការចម្លងនេះ។

បើតាមលោក សេង ទៀក ប្រធានអង្គការ WWF បានថ្លែងថា អ្វីដែលលោកបានកត់ត្រា គឺសម្រាប់តំបន់ដែលអង្គការរបស់លោកចូលរួមអភិរក្សជាមួយរដ្ឋាភិបាល គឺនៅក្នុងឆ្នាំ២០២១ កន្លងទៅនេះ គឺមានអន្ទាក់ជាង១ម៉ឺនអន្ទាក់ ត្រូវបានដោះចេញ ដែលចំនួននេះមានត្រឹមតែ២០ភាគរយប៉ុណ្ណោះ នៃចំនួនអន្ទាក់ដែលក្រុមព្រានព្រៃ បានដាក់នៅក្នុងព្រៃ។ ខណៈអ្វីដែលលោកមានការព្រួយបារម្ភបន្ថែមទៀតនោះ គឺបច្ចុប្បន្ននេះ ក្រុមព្រានព្រៃ បានធ្វើប្រើប្រាស់អន្ទាក់ឆក់ ដែលកាន់តែគ្រោះថ្នាក់បន្ថែមទៀតសម្រាប់សត្វព្រៃ និងមនុស្ស។

លោកថា បើតាមទិន្នន័យចំនួន៥នៅតាមតំបន់ការពារធនធានធម្មជាតិ កម្ពុជាក្នុងនេះដូចជា៖ តំបន់ជួរភ្នំក្រវាញ តំបន់គូលែនព្រហ្មទេព ដែនជម្រកកែសីមា ដែនជម្រកស្រែពក និង តំបន់ដែនជម្រកភ្នំព្រិច ដោយក្នុងនេះរយៈពេល៩ឆ្នាំ ដែលអង្គការបានចងក្រង កន្លងមកសរុបមានអន្ទាក់ជាង២៣ម៉ឺនអន្ទាក់ត្រូវគេដោះបាន ហើយក្នុងមួយឆ្នាំៗគេអាចដោះអន្ទាន់ចេញពីតំបន់ទាំងនេះប្រមាណ២ម៉ឺនអន្ទាក់។

ប្រធានអង្គការ WWF រូបនេះ បានលើកឡើងដោយបញ្ជាក់ថា ផ្អែកតាមរបាយការណ៍ឆ្នាំ២០២០ នៅតាបន់អាស៊ីអាគ្នេយ៍ មានអន្ទាក់ប្រមាណ ១២លានអន្ទាក់ ដូចជាប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាមឡាវ ថៃ និងកម្ពុជា ដែលកំពុងគំរាមកំហែងសត្វព្រៃ។ ដោយអន្ទាក់ទាំងនេះ គឺជាដើមចមធ្វើឱ្យបាត់បង់នូវសត្វកម្រៗ ក្នុងលោកដូចជា ខ្លា ខ្លារខិន ខ្លាពពកស ឆ្កែព្រៃ ខ្លាឃ្មុំជាដើម។

បើតាមលោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង បានឱ្យដឹងថា មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ខេត្តបានខិតខំសហការជាមួយអាជ្ញាធរ និងអង្គការដៃគូពាក់ព័ន្ធរួមនឹងសហគមន៍មូដលដ្ឋាននានា ចុះល្បាត និងការអប់រំប្រជាពលរដ្ឋ ឱ្យយល់ដឹងពីសារៈសំខាន់នៃសត្វព្រៃ និងធនធានធម្មជាតិជាដើម។

ពាក់ព័ន្ធក្នុងរឿងនេះ បានបញ្ជាក់ថា ក្នុងយុទ្ធនាការនេះមន្ទីរបរិស្ថានរបស់លោកនឹងចូលរួមយ៉ាងសកម្ម ហើយពិសេសធ្វើការផ្សព្វផ្សាយអប់រំសំដៅធ្វើយ៉ាងណាឱ្យពលរដ្ឋយល់ដឹងពីតម្លៃមិនអាចកាត់ថ្លៃបាន នៃធនធានធម្មជាតិ និងសត្វព្រៃរបស់យើង។ក្រៅពីនេះមន្ទីរនឹងពង្រឹងកិច្ចការពារ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ បើទោះបីបច្ចុប្បន្នមន្រ្តី ឧទ្យនុរក្សនៅមានចំនួនតិចតួចមិនទាន់គ្រប់តម្រូវការក៏ដោយ។

លោកស្រី ហ៊ូ កល្យាណ ប្រធានអង្គការ RECOFTC ប្រចាំកម្ពុជា បានបង្ហាញការយល់ឃើញថា ប្រសិនបើប្រជាសហគមន៍ បានយក់ដឹងហើយពួកគាត់បានក្លាយទៅជាម្ចាស់ចូលរួមគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ នោះប្រជាសហគមន៍នឹងក្លាយជាភ្នែក ច្រមុះ និងដៃគូដ៏មានសារៈសំខាន់ក្នុងកិច្ចការការពារធនធានធម្មជាតិ ផែនការសកម្មភាពនានារបស់រាជរដ្ឋាភិបាល។

លោកស្រីបានបន្តថា ការធ្វើបែបនេះ ពួកគាត់នឹងក្លាយជាអ្នកដាក់អន្ទាក់ក្នុងតំបន់ការពារ ប្រែក្លាយជាអ្នកការពារនៅក្នុងតំបន់ការពារធនធានធម្មជាតិ៕