(ភ្នំពេញ)៖ សាកសពដែលស្អុយ រលួយ សល់តែលលាដ៍ក្បាល ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើកការស្រាវជ្រាវ រហូតឈានទៅដល់ការវែកមុខ ជនសង្ស័យបានហើយ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ បើតាមរបាយការណ៍របស់ នគរបាលបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ យឺន មាន អាយុ២៧ឆ្នាំ មុខរបរជាងពិដានផ្ទះ មានទីលំនៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
នគរបាលបានបញ្ជាក់ថា «ការសម្លាប់នេះជាករណីប្លន់ដើម្បីយកទ្រព្យសម្បត្តិ ចំណែកទ្រព្យដែលបាត់បង់រួមមាន ម៉ូតូ១គ្រឿង ម៉ាកZoomer-X ពណ៌ ទឹកប្រាក់ សេរី២០១៦ គ្មានស្លាកលេខ ទូរស័ព្ទ១គ្រឿង ម៉ាកiPhone»។ របាយការណ៍ដ៏ដែលបានបញ្ជាក់ថា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១១៖០០ព្រឹក មានឈ្មោះ ពេជ្រ រដ្ឋា ភេទស្រី អាយុ២០ឆ្នាំ បានមកពិនិត្យលើវត្ថុតាងដែលបន្សល់ទុកនៅលើសាកសព រួចក៏អះអាងថា វត្ថុតាងដែលរកឃើញនេះ គឺពិតជារបស់ជនរងគ្រោះឈ្មោះ ជឿន សារុំ (ត្រូវជាប្អូនជីដូនមួយ) ដែលបានបាត់ខ្លួនចេញពីផ្ទះនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៧៖០០នាទី ដោយជនរងគ្រោះយកម៉ូតូ១គ្រឿងZoomer-X ទៅឌុបឈ្មោះ យឺន មាន (ជាអ្នកនៅស្រុកជាមួយគ្នា) លុះមកដល់ម៉ោង២០៖២៥នាទី កំលាំងនគរបាលខណ្ឌមានជ័យសហការជាមួយកំលាំងប៉ុស្តិ៍បារាយណ៍ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចុះឃាត់ជនសង្ស័យឈ្មោះ យឺន មាន កំពុងលាក់ខ្លួននៅផ្ទះភូមិខ្យាបឹងវែង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម យកមកធ្វើការសាកសួរ ទើបជនសង្ស័យឈ្មោះ យឺន មាន បានឆ្លើយសារភាពថារូបគេ និងបក្ខពួកឈ្មោះ សឹង្ហ, ឈ្មោះ វីរៈ (កំពុងគេចខ្លួន) បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ជឿន សារុំ យកទ្រព្យសម្បត្តិកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង២០៖០០នាទី នៅចំណុចវាលបឹងចារ៉ាច ផ្លូវ៦០ម៉ែត្រ ភូមិ ព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ ប្រាកដមែន។
បច្ចប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លូនទៅតុលាចាត់ការតាមនីតិវិធី៕