(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៥ ខែឧសភា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

កិច្ចប្រជុំខាងលើនេះធ្វើឡើងក្រោមមូលបទ «ជំរុញសមិទ្ធផលនៃការអភិវឌ្ឍសុខភាពនៅអាស៊ាន Advancing the Achievement of ASEAN Health
Development»

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធគឺជាកិច្ចប្រជុំកម្រិតខ្ពស់ជាងគេក្នុងវិស័យសុខាភិបាល ដែលតែងតែរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តងនៅប្រទេសជាប្រធានប្តូរវេន។ កិច្ចប្រជុំលើកទី១៥នេះ នឹងមានរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសសមាជិកអាស៊ានទាំង១០ ប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ) និងសហរដ្ឋអាម៉េរិក។

កិច្ចប្រជុំរយៈពេល៥ថ្ងៃនេះ នឹងមានកិច្ចប្រជុំជាច្រើនគឺ៖
១៖ កិច្ចប្រជុំត្រៀមឧត្តមមន្រ្តីសុខាភិបាលអាស៊ាន
២៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៥
៣៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានបូកបីលើកទី៩
៤៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ចិនលើកទី៨
៥៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-កូរ៉េលើកទី១
៦៖ កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-សហរដ្ឋអាម៉េរិក។

លោករដ្ឋមន្រ្តីនឹងថ្លែងបទអន្តរាគមន៍មួយចំនួនទៅតាមមូលបទនៃកិច្ចប្រជុំនីមួយៗនៃកិច្ចប្រជុំ។ កិច្ចប្រជុំក៏នឹងចេញនូវសេចក្តីថ្លែងការរួមមួយចំនួនពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់ប្រទេសជាសមាជិកទាំងអស់រួមជាមួយដៃគូសន្ទនា ក្នុងការជំរុញលើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូល ជាពិសេសជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩៕