(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនៅអាមេរិក តវ៉ាចំពោះរដ្ឋាភិបាលអាមេរិក ដើម្បីការពារប្រជាពលរដ្ឋខ្មែរយើង កុំឲ្យមានការគំរាមកំហែង ពាក់ព័ន្ធការដកសញ្ជាតិ។

ការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) ពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន គឺកន្លងមកមានអ្នកគំរាមកំហែងថា ពលរដ្ឋខ្មែររស់នៅអាមេរិក ដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវដកសញ្ជាតិអាមេរិកចេញ។

បន្ថែមលើនេះ រដ្ឋាភិបាលអាមេរិក មិនដោះស្រាយបញ្ហាគំរាមកំហែងនេះតែ បែរទៅជាបន្តធ្វើការចោទប្រកាន់ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្វើទុក្ខបុកម្នេញគណបក្សផ្សេងៗទៅវិញ ហេតុដូច្នេះហើយ សម្តេចតេជោបានជំរុញឲ្យពលរដ្ឋខ្មែរនៅអាមេរិក ងើបឡើងតបតវិញ តាមរយៈប្រាប់ទៅតំណាងរបស់ខ្លួន ឲ្យការពារពួកគាត់ ដោយបញ្ជាក់ថា បើមិនការពារពួកគាត់ទេ ឈប់បោះឆ្នោតគាំទ្រ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «កន្លងទៅខ្ញុំយល់អារម្មណ៍ ហើយមិននឹកស្មានថា គេមកគំរាមបងប្អូននៅលើទឹកដីបិតាប្រជាធិបតេយ្យបែបនេះទេ។ រហូតគេថា អ្នកណាគាំទ្ររាជរដ្ឋាភិបាល នឹងត្រូវដកសញ្ជាតិឲ្យត្រឡប់ទៅប្រទេស។ តើនេះជាការគំរាមកំហែងមួយទេ ចំពោះពលរដ្ឋយើងខ្ញុំ ដែលកំពុងរស់នៅលើដែនដីអាមេរិក។ ខ្ញុំសូមអំពាវនាវ ចំពោះរដ្ឋាភិបាលអាមេរិក ការពារប្រជាពលរដ្ឋយើងខ្ញុំ កុំឲ្យមានការគំរាមកំហែង។ ពួកអ្នកមួយចំនួននិយាយថា រដ្ឋបាលលោក ហ៊ុន សែន គំរាមបក្សនេះបក្សនោះ តែអ្នកដែលនិយាយថា អ្នកគាំទ្រ ហ៊ុន សែន អ្នកគាំទ្រ CPP (គណបក្សប្រជាជនកម្ពុជា) តើវាជាការគំរាមកំហែង ឬអត់? ដល់ពេលដែលបងប្អូន ងើបឈរឡើងដើម្បីការពារសេរីភាពរបស់ខ្លួន។ ខ្ញុំនិយាយនេះ ខ្ញុំមានកាតព្វកិច្ចការពារបងប្អូននៅក្រៅប្រទេសទាំងអស់»

សម្តេចតេជោ ហ៊ុន សែន បានរំលឹកដែរ កម្ពុជានិងអាមេរិក មានកិច្ចព្រមព្រៀងមួយ បានធ្វើតាំងពីសម័យប្រធានាធិបតី គ្លីនតុន ដោយបញ្ជាក់ថា ពលរដ្ឋកម្ពុជាណា ដែលប្រព្រឹត្តកំហុសនៅអាមេរិក បន្ទាប់ពីជាប់គុកនៅអាមេរិកហើយ ត្រូវនិរទេសទៅប្រទេសកំណើតវិញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «រឿងនេះបងប្អូនត្រូវយោគយល់ខ្ញុំ។ ខ្ញុំចង់ការពារបងប្អូនយើង តែច្បាប់អាមេរិក គឺបែបហ្នឹង។ ចង់ការពារបងប្អូនយើង តែគេដាក់ទណ្ឌកម្មអ្នកដែលត្រូវការពារបងប្អូន។ ឥឡូវបងប្អូនងើបឡើងការពារខ្លួន ហើយបង្ហាញអត្តសញ្ញាណច្បាស់ថា ខ្ញុំគាំទ្រគណបក្សប្រជាជនកម្ពុជា ខ្ញុំគាំទ្ររដ្ឋាភិបាល ខ្ញុំគាំទ្រប្រទេសរបស់ខ្ញុំ។ កុំខ្លាច កុំសម្ងំតទៅទៀត [...] ខ្ញុំត្រូវតែនិយាយ ពលរដ្ឋរបស់ខ្ញុំទទួលការគំរាមពីអ្នកដទៃ! ហើយបើអ្នកឯងមិនដោះស្រាយទេ អ្នកឯងកុំមកនិយាយជាមួយខ្ញុំថា ហ្អេរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គំរាមកំហែងគណបក្សដទៃ កុំមកនិយាយ។ នៅស្រុកលោកឯងអត់ដោះស្រាយបញ្ហា (មានការគំរាមដកសញ្ជាតិអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា) មិនបានផង តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យយ៉ាងម៉េច»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអះអាងថា ដល់ពេលដែលខ្មែរនៅអាមេរិកក្រោកឈរ ដើម្បីការពារសិទ្ធិសេរីភាពរបស់ខ្លួនហើយ។ បន្ថែមលើនេះ អ្វីដែលសម្តេចតេជោទាមទារអាមេរិក មិនឲ្យបញ្ជូនពលរដ្ឋខ្មែរប្រព្រឹត្តទោសទៅខ្មែរវិញ គឺដើម្បីការពារប្រយោជន៍របស់ខ្មែរនៅអាមេរិកនេះតែម្តង៕