(អាមេរិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់អំពីជំហរការបរទេសរបស់កម្ពុជាថា កម្ពុជាមិនបានជ្រើសរើសចិន ប្រឆាំងនឹងអាមេរិក ឬជ្រើសរើសប្រទេសណាមួយ ដើម្បីប្រឆាំងប្រទេសណានោះឡើយ ដោយកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសចម្រុះពណ៌។

ការបញ្ជាក់អំពីជំហរនយោបាយការបរទេសនេះ បានធ្វើឡើងខណៈដែលសម្តេចមានវត្តមាននៅសហរដ្ឋអាមេរិក បន្ទាប់ពីមានការវាយប្រហារថា កម្ពុជាមាននយោបាយរណបចិន ប្រឆាំងនឹងសហរដ្ឋអាមេរិក ក៏ដូចជាងាកចេញពីវៀតណាម។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជាង ២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា) សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «យើងអត់ត្រូវការជ្រើសរើសរវាងចិន និងអាមេរិក ទោះបីជាអ្នកឯងបង្ខំឲ្យខ្ញុំជ្រើសរើសមួយក៏ខ្ញុំអត់ធ្វើការជ្រើសរើស យើងអត់ត្រូវការជ្រើសរើសវៀតណាមទៅប្រឆាំងថៃ ទៅជ្រើសរើសថៃប្រឆាំងវៀតណាម ទៅជ្រើសរើសវៀតណាមប្រឆាំងចិន ទៅជ្រើសរើសចិនប្រឆាំងវៀតណាម គឺអត់ជ្រើសរើសទេ»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា នៅក្នុងអាស៊ានក៏ដូចគ្នាដែរ យើងមិនមានជ្រើសរើសនរណានោះទេ។ សម្តេចបានបញ្ជាក់ថា វត្តមានរបស់សម្ដេចមកកាន់សហរដ្ឋអាមេរិកនេះ ម្ខាងក្នុងតួនាទីជាប្រធានអាស៊ាន និងម្ខាងទៀតតួនាទីជានាយករដ្ឋមន្ត្រីកម្ពុជាដែលជាសមាជិកអាស៊ាន ដែលធ្វើឡើងតបតាមការអញ្ជើញរបស់ ប្រធានាធិបតីអាមេរិក ចូ បៃដិន។

សម្ដេចលើកឡើងថា កន្លងទៅ មានអ្នកខ្លះលើកឡើងថា គេយកសម្ដេចមកធ្វើទីងមោងនៅសហរដ្ឋអាំមេរិក។ សម្ដេចបានចោទសួរថា បើសម្ដេចជាប្រធានអាស៊ានទីងមោងនោះ ម៉្លេះសមាជិកអាស៊ាន០៩ប្រទេសទៀតក៏ជាទីងមោងដូចគ្នា ហើយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ដែលជាដៃគូសន្ទនាអាស៊ាន ហើយធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ក៏ជាទីងម៉ោងដូចគ្នាដែរ

សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានចាត់ទុកថា អ្នកដែលបានរិះគន់ថា សម្ដេចត្រូវបានគេយកមកធ្វើជាទីងមោងនៅសហរដ្ឋអាមេរិកនេះ គឺជាអ្នកដែលពុំមានការយល់ដឹងទាក់ទងជាមួយនឹងច្បាប់អាស៊ាន និងគោលការណ៍របស់អាស៊ាននោះទេ៕