(ភ្នំពេញ)៖ ជុំវិញជំហររបស់កម្ពុជា លើបញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានថ្លែងថា កម្ពុជាមានគោលការណ៍ចំនួន២ គឺមិនលើកទឹកចិត្តឲ្យបំបែករដ្ឋ និងប្រឆាំងនូវការប្រើប្រាស់កម្លាំងឈ្លានពាន។
សម្តេចតេជោបញ្ជាក់ទៀតថា ចំពោះតំបន់ដូណេត និងតំបន់លូហាន នៃតំបន់ដុនបាស របស់ប្រទេសអ៊ុយក្រែន ដែលប្រទេសរុស្ស៉ី ចង់គ្រប់គ្រងនោះ គឺកម្ពុជាមិនទទួលស្គាល់ទេ។
ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរនៅកាណាដា នៅរដ្ឋធានីវ៉ាស៊ីនតោន នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «កម្ពុជាបានបោះឆ្នោតគាំទ្រ សេចក្តីសម្រេចចិត្តប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ទៅលើអ៊ុយក្រែន។ ខ្ញុំសង្ឃឹមថារុស្ស៉ីយល់ចំពោះយើង ព្រោះយើងមានគោលការណ៍២សំខាន់ គឺទី១ មិនលើកទឹកចិត្តឲ្យបំបែករដ្ឋទេ មិនថាបំបែករដ្ឋនៅទីណាទេ គឺកម្ពុជាអត់ទទួលស្គាល់ កូសូវ៉ូ ដែលបំបែបចេញពីស៊ែប៊ី ដោយកម្លាំងណាតូ រាប់ទាំងអាមេរិក ក៏កម្ពុជាអត់ទទួលស្គាល់ដែរ។ អីចឹងដូណេត លូហាន នៅតំបន់ដុនបាស របស់អ៊ុយក្រែន ដែលរុស្ស៉ីទទួលស្គាល់យើងក៏អត់ទទួលស្គាល់ដែរ។ ចំណុចទី២ យើងប្រឆាំងនូវការប្រើប្រាស់កម្លាំង ឬគំរាមកំហែងប្រើប្រាស់កម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិ ជាពិសេសគឺការលើកកងទ័ពចូលឈ្លានពានប្រទេសមួយដោយចំហរ»។
សូមជម្រាបថា សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្រកាសថាសង្រ្គាមនៅអ៊ុយក្រែន គឺជាប្រតិបត្តិការយោធាពិសេស ប៉ុន្តែបណ្ដាប្រទេសលោកខាងលិច ហៅថាជាការឈ្លានពាន។
នៅក្នុងសង្រ្គាមដំណាក់កាលទី១ រុស្ស៉ីត្រូវបានគេរាយការណ៍ថា បានបរាជ័យដោយមិនអាចវាយកាន់កាប់ទីក្រុងកៀវ។ តែមូស្គូ ថាបេសកកម្មរបស់ខ្លួនបានបញ្ចប់ ហើយត្រូវងាកទៅផ្តោតលើតំបន់ដុនបាស ដែលមានតំបន់ផ្ដាច់ខ្លួន២ គឺលូហាន និងដូណេត នៃភាគខាងកើតប្រទេសអ៊ុយក្រែន។ ប៉ុន្តែ ដូចគ្នានឹងសង្រ្គាមដំណាក់កាលទី១ កងទ័ពរុស្ស៉ីកំពុងប្រឈមមុខនឹងការវាយបកយ៉ាងខ្លាំង ពីសំណាក់កងទ័ពអ៊ុយក្រែន ក្រោមការជួយផ្ដល់អាវុធ ដូចទឹកបាក់ទំនប់ពីសំណាក់លោកខាងលិច ជាពិសេស គឺសហរដ្ឋអាមេរិក៕