(ស្ទឹងត្រែង)៖ បន្ទាប់ពីបញ្ចប់បេសកម្មនៅលើដីនៃខេត្តក្រចេះ កាលពីចុងសប្តាហ៍នេះ ក្រុមការងារ កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោកវេជ្ជ.អ៊ុយ សំអាត នាយក នាយកដ្ឋាន គ្រប់គ្រង គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានបន្តសកម្មភាពចែកអំណោយដល់គ្រួសារ ដែលងាយរងគ្រោះបំផុតចំនួន ១៧៥ គ្រួសារទៀត នៅខេត្តស្ទឹងត្រែង ក្រោមការចង្អុលបង្ហាញពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា។
លោកវេជ្ជ. អ៊ុយ សំអាត សហការជាមួយសាខា ខេត្តស្ទឹងត្រែង បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត រួមមានចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនមានពិការភាព សរុបចំនួន ១៧៥គ្រួសារ នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា។
ពិធីនេះបានធ្វើឡើងនៅលើទីតាំងចំនួន៣កន្លែងផ្សេងគ្នា៖ ទី១៖ នៅភូមិវាលព្រីង សម្រាប់ប្រជាពលរដ្ឋ៥០គ្រួសារ, ទី២៖ នៅភូមិឫទ្ធីសែនជ័យ២ សម្រាប់ប្រជាពលរដ្ឋចំនួន ៦២គ្រួសារ, និងទីតាំងទី៣៖ នៅភូមិឫទ្ធិសែនជ័យ១ សម្រាប់ប្រជាពលរដ្ឋចំនួន៦៣គ្រួសារ ក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
មានមតិសំណេះសំណាលនាឱកាសនោះ លោក អ៊ុយ សំអាត បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដោយក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់ នៅជាប្រចាំថ្ងៃ ជាពិសេសផ្ញើនូវក្តីនឹករលឹក ចំពោះលោកយាយលោកតា បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់ភូមិភាគឦសាននេះ។
លោកបានឱ្យដឹងទៀតថា បើទោះជាស្ថិតនៅក្នុងសមានទុក្ខដ៏ក្រៀមក្រំក្នុងក្រុមគ្រួសារយ៉ាងណាក៏ដោយក៏ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពជាក់ស្តែង មើលឱ្យឃើញពីប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាព របស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយជួយសម្រាលការលំបាកឱ្យបានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលដោយពុំបានដឹងនោះទេ»។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបានថ្លែងអំណរគុណយ៉ាង ចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគថវិកា ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ជាពិសេស ព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទាន ព្រះរាជទ្រព្យជារៀងរាល់ខែ រៀលរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ដើម្បីឱ្យកាកបាទក្រហមកម្ពុជា អាចបន្តសកម្មភាពមនុស្សបានទៀត។
ទន្ទឹមនឹងនោះ លោកវេជ្ជ. ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្ន ចំពោះការកើនឡើងកំដៅខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង ឬក៏បង្កឡើង ជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ឬរន្ទះបាញ់ជាដើម។
ជាមួយគ្នានេះ សូមប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិត របស់យើងបាន ហើយបានធ្វើឱ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងអាចបើក ឱកាស ឱ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។
សូមជម្រាបថាបន្ទាប់ប្រគល់នៅតាមទីតាំងខាងលើរួច ក្រុមការងារ ក៏បាននាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនជនពិការ និងអ្នកមានជំងឺប្រចាំកាយ មិនអាចធ្វើដំណើរ បានចំនួន ៣គ្រួសារទៀតផងដែរ៕