(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានការតាំងចិត្តក្នុងការបោសសម្អាត និងកម្ទេចចោលគ្រាប់មីនឲ្យអស់ពីទឹកដីកម្ពុជា ដើម្បីផ្តល់សុខសុវត្ថិភាពដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ នេះជាការលើកឡើង របស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងពិធីចុះពិនិត្យលទ្ធផលបោសសម្អាតមីនរួច របស់កងកម្លាំងនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ក្រោមគម្រោងគាំទ្រពី សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham) ស្ថិតក្នុងឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
ដំណើរទស្សនកិច្ចនេះមានការចូលរួមពីលោក ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង តំណាងរបស់ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង លោក Anthony Galliano ប្រធាន AmCham, សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា, Khmer Times, ក្រុមហ៊ុន MedTecs និងវិស័យឯកជនដទៃទៀត។
លោក Anthony Galliano បានលើកឡើងថា AmCham មានសេចក្តីសប្បាយរីករាយដែលបានចូលរួមដល់ការងារបោសសម្អាតមីន ដើម្បីគាំទ្រដល់ផែនការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសផ្តល់នូវសុខសុវត្ថិភាព និងការកាត់បន្ថយការគ្រោះថ្នាក់ដោយសារមីននៅកម្ពុជា។ AmCham នឹងបន្តកៀរគរនូវធនធានបន្ថែមទៀតពីក្រុមហ៊ុនឯកជន ដែលស្ថិតនៅក្រោមការសម្របសម្រួលរបស់ខ្លួន ដើម្បីចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ក្រុមប្រឹក្សាភិបាល AmCham សម្រាប់ការងារបោសសម្អាតមីននៅខេត្តព្រៃវែង និងប្រកាសជាខេត្តអស់មីនបន្ទាប់ពីខេត្តកែប។ លោកបានបន្តទៀតថា ពិធីនាថ្ងៃនេះ ជាកម្មវិធីដ៏វិសេសវិសាលមួយដែលមានវិស័យឯកជន ចាប់ផ្តើមយកចិត្តទុកដាក់ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ដើម្បីគាំពារដល់សន្តិភាព និងគាំទ្រដល់ការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាស្ថាបនិកសន្តិភាព។
លោកបានបញ្ជាក់បន្ថែមទៀតថា ការងារបោសសម្អាតមីន គឺជាការងាររបស់យើងទាំងអស់គ្នា ដែលត្រូវការមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ រួមទាំងប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរជននានា ក្នុងគោលដៅដើម្បីបញ្ចប់ការគម្រាមកំហែងដោយសារមីននៅកម្ពុជា។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនៃមជ្ឈមណ្ឌលជាតិ NPMEC ដែលបានចូលរួមប្រែក្លាយខេត្តព្រៃវែងជាខេត្តអស់មីន ដែលនេះសបញ្ជាក់ឲ្យឃើញថាថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌលជាតិ NPMEC មិនត្រឹមតែបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពនៅក្រៅប្រទេស ក្រោមក្របខណ្ឌរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងបានចូលរួមគាំពារដល់សន្តិភាពក្នុងប្រទេសកម្ពុជា តាមរយៈការងារបោសសម្អាតមីនផងដែរ៕