(ពោធិ៍សាត់)៖ កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ក្រោមការសម្របសម្រួលពីលោក ប៊ុង តាំងទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនដ៏ធំចំនួន ២ទីតាំងផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងដកហូតបានវត្ថុតាងមួយចំនួនធំ។
ប្រតិបត្តិការរួមគ្នាខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ។
ទីតាំងទាំង២នេះ រួមមានទី១៖ នៅអាហារដ្ឋានម្លប់ស្វាយ (ទីតាំងចាស់) ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ និងទីតាំងទី២៖ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ទោ ហែម មុនី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ ឱ្យដឹងនាព្រឹកថ្ងៃទី១២ ខែឧសភានេះថា ប្រតិបត្តិការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀន ដ៏ធំទាំង២កន្លែងខាងលើ គឺយោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឌី រិទ្ធី។
ស្នងការរងរូបនេះ បានបន្តថា ទីតាំងទី១៖ នៅអាហារដ្ឋានម្លប់ស្វាយ (ទីតាំងចាស់) ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ យើងបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ស៊ឹម សាវី ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នកកាន់កាប់ទីកន្លែង និងបានចាប់យកវត្ថុតាង រថយន្តជាមធ្យោបាយ ចំនួន០១គ្រឿង ម៉ាក Lexus 460 ពណ៌ស, ម៉ូតូ Scoopy ចំនួន០១គ្រឿង។ ទីតាំងទី២៖ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ បានឃាត់ខ្លួនជន សង្ស័យម្នាក់ ឈ្មោះ លី ហាន់ណាហ្វី ភេទប្រុស អាយុ៣៨ឆ្នាំ និងបានដកហូតវត្ថុតាង រថយន្ត០៣គ្រឿង, ម៉ូតូ០៤គ្រឿង, ទូរស័ព្ទដៃ០៤គ្រឿង, ម៉្សៅក្រាមព័ណ៌សថ្លា ចំនួន០៥កញ្ចប់, ថ្នាំគ្រាប់ WY ពណ៌ក្រហម ចំនួន០៣គ្រាប់, លុយខ្មែរ ចំនួន៨លាន ៦០ម៉ឺនរៀល, លុយដុល្លារ ចំនួន៦១៥ដុល្លារ និងលុយបាត ចំនួន២០០បាត។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងនាំខ្លួនមកបន្តនីតិវិធី ដើម្បីចាត់ការតាមផ្លូវច្បាប់៕