(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានណែនាំឲ្យប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមទីតាំងបោះឆ្នោតនានា នៅក្នុងរាជធានីភ្នំពេញ។

ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមពីប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ តំណាងស្នងការនគរបាល តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ថ្នាក់ដឹកនាំពន្ធនាគារ កងយោធភូមិភាគពិសេស និងមន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់។

នៅក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានលើកឡើងថា គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកម្លាំងពាក់ព័ន្ធទាំងអស់ ក្រៅពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមទីតាំងបោះឆ្នោតហើយនោះ ត្រូវពិនិត្យពីភាពអសកម្មនានា នៅតាមទីតាំង និងការិយាល័យបោះឆ្នោត សំដៅធ្វើយ៉ាងណាឲ្យការបោះឆ្នោតនេះ ដំណើរការទៅដោយរលូនធានាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ មានភាពយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា។

លោក ឃួង ស្រេង ទាមទារឲ្យកងកម្លាំង និងអាជ្ញាធរទាំងអស់ក្រៅពីការខិតខំប្រឹងប្រែងបំពេញការងារ ក្នុងអំឡុងពេលយុទ្ធនាការឃោសនា និងអំឡុងពេលបោះឆ្នោតនេះហើយ ត្រូវពិនិត្យមើលផ្លូវច្បាប់ឲ្យច្បាស់លាស់ ដើម្បីអនុវត្តការងារទាំងនេះ បានទៅដោយរលូនបានល្អប្រសើរ និងគ្មានកំហុសឆ្គង។

គួរបញ្ជាក់ថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង បានរៀបចំផែនការរួចហើយ សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងយុទ្ធនាការឃោសនា និងបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់នេះ ដោយនៅភ្នំពេញ អ្នកមានឈ្មោះត្រូវទៅបោះឆ្នោតមានចំនួន៨៩៩៦៨៨នាក់ មានការិយាល័យបោះឆ្នោតចំនួន២១៩៧ ការិយាល័យ ស្មើនិង២៦៥ទីតាំង។

ចាប់ពីពេលនេះតទៅរហូតដល់បញ្ចប់ការបោះឆ្នោត យើងបានរៀបចំកម្លាំងបានយ៉ាងល្អទាំងកម្លាំងសន្តិសុខ កម្លាំងប៉ូលីស និងកងរាជអាវុធហត្ថ។ នៅពេលបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត យើងបានរៀបចំជា៣តំបន់ នោះគឺតំបន់ A B និងC (A នៅបរិវេណបោះឆ្នោត, B ឆ្ងាយពីទីតាំង៥០ម៉ែត្រ និង C នៅក្រៅទីតាំង១០០ម៉ែត្រ) សំដៅធ្វើយ៉ាងណាឲ្យការបោះឆ្នោតនេះ ដំណើរការទៅដោយរលូនធានាបានសន្តិសុខ សុវត្ថិភាព មានភាពយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា៕