(ភ្នំពេញ)៖ ស្រ្តីជនជាតិវៀតណាមម្នាក់ បានលោតពីបន្ទប់ជាន់ទី៣៥ បណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបន្ទប់លេខB៣៣២២ អគារមជ្ឈមណ្ឌលព្រីនផ្លាហ្សា ផ្លូវព្រះនរោត្តម ភូមិ១១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមរបាយការណ៍របស់នគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុ ដោយមានឃើញមានទ្វារចេញចូលមួយនៅពីខាងមុខ ជាទ្វារឈើប្រើសោចុចលេខកូដ នៅដុំប្រអប់សោទ្វារពីខាងក្នុងត្រូវដោះថ្មចេញចំនួន៤កូនដាក់នៅលើម៉ាបចង្ក្រានបាយ។
របាយការណ៍បានបន្តទៀតថា នៅលើឥដ្ឋការ៉ូក្នុងបន្ទប់ឃើញមានស្បែកជើងជំពាមមនុស្សស្រីចំនួនមួយគូរ ដោយឡែកទ្វារយ៉វេរ៉ង់ដាបើកចំហរ ហើយបង្គាន់ដៃកំពស់១,២០ម មានស្នាមកាន់ដាច់ធូលីប្រតេកប្រតាក។
បើតាមសមត្ថកិច្ច សាកសពសាកសពឈ្មោះ TRUONG THI MINH THU ភេទស្រី អាយុ២៦ឆ្នាំ ជាជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខC៤២៤៣៤៩១ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។ យ៉ាងណាក៏ដោយ សម្រាប់មូលដ្ឋានពិតប្រាកដនោះ នៅមិនទាន់ដឹងជាផ្លូវការនៅឡើយទេ ប៉ុន្តែប្រភពខ្លះបណ្តាលមកពីចាញ់ល្បែង៕