(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរលោក រត្ន័ សណ្ដាប់ បានថ្លែងថាថ្មីៗនេះបើនិយាយអំពីទង្វើរបស់ អ៊ុក ទូច ជាពលរដ្ឋខ្មែរ-អាមេរិកំាងជាសកម្មជនក្រុមប្រឆាំងជ្រុលនិយម ដែលបានធ្វើកិច្ចសម្ភាសជាមួយបុគ្គលគូកនវិទ្យុអាស៊ីសេរី ដោយបញ្ចេញកាយវិការសើចក្អាកក្អាយរៀបរាប់យ៉ាងខែងរ៉ែងអំពីទង្វើហិង្សារបស់ខ្លួន ដែលយកស្បែងជើងគប់ទៅលើសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ដេចបំពេញបេសកកម្មជាប្រមុខរាជរដ្ឋាភិបាល ដែលជាប្រមុខការទូតផ្លូវការនៃកម្ពុជា ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកពីថ្ងៃទី១២-១៣ ឧសភាឆ្នាំ២០២២នេះថា ជាការប្រមាថដល់សម្ដេចតេជោ នាយករដ្ឋមន្រ្ដីនោះ គឺជារឿងដ៏គួរឲ្យអស់សំណើចនិងហួសចិត្ដបំផុត។
អ្នកជំនាញអារ្យធម៌ខ្មែរបន្ដថា អ្វីជារឿងដ៏គួរឲ្យអស់សំណើច និងហួសចិត្ដបំផុតនោះត្រង់ថា ចំពោះទង្វើរបស់ អ៊ុក ទូច ដែលយកស្បែកជើងគប់ សម្ដេចតេជោ ហ៊ុន សែន គឺពុំមែនប្រមាថមកលើសម្ដេចឬពលរដ្ឋខ្មែរ ឬប្រទេសកម្ពុជា ដូចការអះអាងរបស់បុគ្គលរូបនេះទេ តែផ្ទុយទៅវិញចំពោះទង្វើរបស់ អ៊ុក ទូច នេះគឺជាការប្រមាថដល់លោក ចូ បៃដិន Joe Biden ប្រធានាធិបតីអាមេរិក ឬពលរដ្ឋអាមេរិក ឬប្រទេសអាមេរិកនោះវិញទេ ព្រោះសម្ដេចតេជោ ជាប្រមុខការទូតដ៏ខ្ពង់ខ្ពស់បំផុតនៃរាជរដ្ឋាភិបាលកម្ពុជា និងត្រូវបំពេញបេកកម្មជាផ្លូវរដ្ឋ តបតាមការអញ្ជើញរបស់លោក ចូ បៃដិន Joe Biden ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ឬពលរដ្ឋអាមេរិក ឬប្រទេសអាមេរិក។
លោក រត្ន័ សណ្ដាប់ បន្ដថា ស្ថិតក្នុងបរិការនេះហើយ ទើបបានជាក្បួនគណ:ប្រតិភូនៃប្រមុខរដ្ឋ ឬប្រមុខរាជរដ្ឋាភិបាលដែលជាប្រមុខការទូតនីមួយៗ ទ្បានមានដោតទង់ជាតិ ទ្បានសឺរ៉ែន ការបិតផ្លូវដើម្បីសុវត្ថិភាព ការទទួលបដិសណ្នារកិច្ចនៃកងកិត្ដិយសត្រែទ័ពយ៉ាងប្រពៃថ្លៃថ្លា ដើម្បីបង្ហាញអំពីឧត្ដមភាពនៃរដ្ឋជាម្ចាស់ផ្ទះ ដែលមានអរិយធម៌ដ៏ខ្ពង់ខ្ពស់ឧដ្ដុង្គឧត្ដមទៅដល់ភ្ញៀវកិត្ដិយស នៃប្រមុខការទូត ដោយឆ្លុះបញ្ចាំងអំពីរដ្ឋជាម្ចាស់ផ្ទះ ត្រូវមានកាតព្វកិច្ចការពារសុវត្ថិភាព តាមលក្ខណះពិធីការនៃការទូតយ៉ាងតឹងរឹងបំផុត។
ព្រោះប្រពៃណីទំនៀមទម្លាប់នៃទំនាក់ទំនងការទូតតាំងពីបុរាណរៀងមកគឺរដ្ឋជាម្ចាស់ផ្ទះត្រូវមានកាតព្វកិច្ចការពារដល់មេដឹកនាំនៃប្រមុខរដ្ឋ ឬប្រមុខរាជរដ្ឋាភិបាល ដែលជាប្រមុខនៃការទូតមកបំពេញ បេសកកម្មផ្លូវការទាំងអាយុជីវិត ឬការប៉ះពាល់ហិង្សាសព្វបែបយ៉ាង ប្រកបដោយកិត្ដិយសដ៏ខ្ពង់ខ្ពស់បំផុត។
បានសេចក្ដីថាបើក្នុងករណីប្រមុខរដ្ឋឬប្រមុខរាជរដ្ឋាភិបាល ដែលជាប្រមុខការទូតនៃរដ្ឋបរទេសណាមួយ ដែលមកបំពេញបេកកម្មផ្លូវការ និងត្រូវបានទទួលរងនូវការវ៉ៃប្រហារប៉ះពាល់អាយុជីវិត ឬប៉ះពាល់ហិង្សាដោយប្រការណាមួយ គេចាត់ទុករដ្ឋជាម្ចាស់ផ្ទះនោះ ជារដ្ឋព្រៃផ្សៃ គ្មានអារ្យធម៌ បុរាណហៅថា «មនុស្សព្រៃ» រស់គ្មានច្បាប់ទម្លាប់។
ដោយសូម្បីស្ថិតក្នុងកាល:ទេស:សង្រ្គាមស៊ីសាច់ហុតឈាមគ្នាយ៉ាងណាក្ដី តែចំពោះភ្ញៀវជាអ្នកការទូតផ្លូវការគេមិនត្រូវប៉ះពាល់អ្វីនោះទេ។ ពោលឲ្យខ្លីបើជនជាតិដែលមានអរិយធម៌ខ្ពង់ខ្ពស់ឧដ្ដុង្គឧត្ដម មានបំណងសម្ដែងមតិតវ៉ាអ្វីមួយ មកលើប្រមុខការទូតជាភ្ញៀវរបស់រដ្ឋ គឺត្រូវឈរលើច្បាប់ទម្លាប់មានសេចក្ដីថ្លៃថ្នូរ មិនប្រើហិង្សាធ្វើឲ្យមានការប៉ះពាល់ដល់អ្នកការទូតនោះឡើយ។
ហេតុនេះចំពោះទង្វើ អ៊ុក ទូច ដែលយកស្បែកជើងគប់ សម្ដេចតេជោ ហ៊ុន សែន យ៉ាងហិង្សានេះ លោក រត្ន័ សណ្ដាប់យល់ថា បុគ្គលរូបនេះពុំចាំបាច់សុំទោសប្រជាពលរដ្ឋខ្មែរ ឬប្រទេសខ្មែរនោះទេ តែផ្ទុយទៅវិញបុគ្គលរូបនេះត្រូវតែចាំបាច់ចេញមុខសម្ដែងនូវការសោកស្ដាយ និងសុំទោសដល់ពលរដ្ឋអាមេរិក ឬប្រទេសអាមេរិក ដែលខ្លួនរស់នៅនោះវិញទើបជារឿងប្រពៃ។ បើពុំដូច្នោះទេចំពោះទង្វើរបស់ខ្លួននេះ និងធ្វើឲ្យគេយល់ច្រទ្បំថា អាមេរិកំាងជារដ្ឋព្រៃផ្សៃ និងគ្មានភាពស៊ីវិល័យ ព្រោះជាប្រពៃណីទំនៀមទម្លាប់ការទូតតាំងពីបុរាណរៀងមក៕