(ភ្នំពេញ)៖ ព្រឹត្តិការណ៍សំខាន់ចំនួន២ដែលយើងនៅចាំបានយ៉ាងច្បាស់ថា កាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៨ ខណៈដែលប្រធានាធិបតីអាមេរិក ចច ដាប់ប៊ែលយូ ប៊ូស កំពុងធ្វើសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ មានអ្នកសារព័ត៌មានអ៉ីរ៉ាក់ម្នាក់មានឈ្មោះថា មុនតាដា អាល់ហ្សៃឌី (Muntadhar Al Zaidi) បានយកស្បែកជើងគប់លើ អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស ចំនួនពីរលើកដោយមិនត្រូវចំនោះទេ។ លោក អាល់ហ្សៃឌី ត្រូវបានតុលាការអ៉ីរ៉ាក់ផ្ដន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ តែអនុវត្តទោសរយៈពេល៩ខែ ពីបទវាយប្រហារលើមេដឹកនាំបរទេស។
ដោយឡែក កាលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១, បុរសម្នាក់ឈ្មោះ ដាមៀន តារ៉ែល (Damien Tarel) ត្រូវបានតុលាការបារំាងដាក់ពន្ធនាគាររយៈពេល ៤ខែ បន្ទាប់ពីលោកបាន ទះកំផ្លៀងមួយទំហឹងលើប្រធានាធិបតីលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ខណៈលោកដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅភាគអាគ្នេយ៍នៃប្រទេសបារាំង។
លោក Macron ត្រូវបានគេមើលឃើញថា កំពុងដើរឆ្ពោះទៅរកមហាជនដែលមានរនាំងនៅពីមុខ នៅពេលធ្វើដំណើរទៅដល់តំបន់ Tain-l'Hermitage ខាងក្រៅទីក្រុង Valence។ រំពេចនោះមានបុរសមាឌធំសក់វែងម្នាក់ បានលើកដៃទះកំផ្លៀងលោកប្រធានាពេញមួយទំហឹង នៅចំពោះមុខមន្ត្រីប៉ូលីស។
បុរសទាំងពីរនាក់ខាងលើដែលបានប្រព្រឹត្តិទង្វើលើប្រធានាធិបតីអាមេរិក និងប្រធានាធិបតី បារាំង សុទ្ធតែត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ បើទោះបីអ្នកសារព័ត៌មានអ៉ីរ៉ាក់ម្នាក់គប់មិនត្រូវប្រធានាធិបតីអាមេរិក Bush ក៏ដោយ ក៏ត្រូវបានតុលាការកាត់ទោសផងដែរ។
ដោយឡែក ករណីគប់ស្បែកជើងលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្កឡើងដោយពលរដ្ឋខ្មែរអាមេរិកម្នាក់ ឈ្មោះ អ៊ុក ទូច ក្នុងពេលសម្តេចកំពុងសំណេះសំណាល និងថតរូប ជាមួយអ្នកគាំទ្រ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់ថ្ងៃទី១១ ឧសភា នៅមុនពេលកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក។ ស្បែកជើងនោះមិនបានត្រូវចំសម្តេចនោះទេ ដោយហោះចំនឹងទូរស័ព្ទរបស់អ្នកគាំទ្រម្នាក់។
ដូច្នេះយើងរង់ចាំមើលថា តើរដ្ឋកាលរបស់ប្រធានាធិបតី Joe Biden អនុវត្តច្បាប់លើជនដែលគប់ស្បែកលើសម្តេចតេជោ ហ៊ុន សែន ឬយ៉ាងណាដែរ ឬក៏វាជាសិទ្ធិបញ្ចេញមតិ?