(បន្ទាយមានជ័យ)៖ ក្មេងទំនើងចំនួន៥នាក់ អាយុសុទ្ធតែក្រោម១៨ឆ្នាំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពកាប់ប្រហារទៅលើយុវជនម្នាក់ បណ្ដាលឲ្យរងរបួសជាច្រើនកន្លែង។

ហេតុការណ៍កាប់ប្រហារនេះ កើតឡើងនៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្ថានីយប្រេងកាលតិច ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយជនបង្កទាំង៥នាក់នេះ ត្រូវបានអាវុធហត្ថចាប់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

លោក នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២ ២នេះថា ជនសង្ស័យទាំង៥នាក់ដែលត្រូវចាប់ខ្លួននេះ ទី១៖ឈ្មោះ វ៉ុន វណ្ណី អាយុ១៧ឆ្នាំ, ទី២៖ឈ្មោះ ប៉េង ប៊ុនថេប អាយុ១៥ឆ្នាំ, ទី៣៖ឈ្មោះ ទេស សុវណ្ណារាជ អាយុ១៥ឆ្នាំ, ទី៤៖ ឈ្មោះ ប៉ក់ ផាន់ណេត អាយុ១៥ឆ្នាំ និងទី៥៖ ឈ្មោះ ព្រហ្ម វ៉ាន់ដេត អាយុ១៥ឆ្នាំ។

ដោយឡែកជនរងគ្រោះ ឈ្មោះ អ៊ុក វាសនា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួសជាច្រើនកន្លែងលើដងខ្លួនរួមមាន៖ ដាច់កដៃខាងឆ្វេង, ដាច់ម្រាមជើងខាងឆ្វេង, ក្បាលផ្នែកខាងឆ្វេង និងកំភួនដៃសងខាង។

លោកបានឲ្យដឹងថា សម្រាប់មូលហេតុ គឺក្រុមជនសង្ស័យទៅបានប្រើហិង្សាទៅជនរងគ្រោះច្រឡំមនុស្ស ដោយគិតថាជនរងគ្រោះជាក្រុមធ្លាប់បានប្រើហិង្សាលើពួកគេកាលពីពេលកន្លងទៅ។

បើតាមលោកមេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោយការឃាត់ខ្លួនកម្លាំងអាវុធហត្ថរបស់លោកបានដកហូតកាំបិតកែច្នៃចំនួន០១ដើម និងម៉ូតូហុងដាឌ្រីមចំនួន៣គ្រឿង។ ក្រោយបញ្ចប់ការសួរនាំ អាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមផ្លូវច្បាប់។

គិតត្រឹមល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ តុលាការខេត្តបន្ទាយមានជ័យ បានចេញដីកាសម្រេចឲ្យឃុំខ្លួនជនល្មើសទាំង៥នាក់ ដាក់ពន្ធនាគាររង់ចាំការកាត់ទោសតាមក្រោយ៕