(ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែងបានដឹកនាំកិច្ចប្រជុំការងារ ដើម្បីត្រួតពិនិត្យលទ្ធផលនៃការជួយបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករ ពលករបំរើការងារ និងប្រកបមុខរបរផ្សេងៗនៅរាជធានីភ្នំពេញ និងទីកន្លែងដទៃទៀត ដែលវិលត្រឡប់មកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅមូលដ្ឋានភូមិឃុំរបស់ខ្លួនវិញនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាអនុប្រធាន សមាជិកក្រុមការងារចំណាកស្រុក ដែលជាអ្នកតំណាងរាស្រ្ត ជាប្រធាន អនុប្រធានក្រុមការងារស្រុកក្រុងទាំង១៣ អភិបាលរងខេត្ត អភិបាល អភិបាលរងស្រុក-ក្រុង មន្រ្តីបង្គោល និងមន្ត្រីមូលដ្ឋាន សរុបមានអ្នកចូលរួមចំនួនប្រមាណ១០០នាក់ ។

បន្ទាប់ពីលោក អន ភារៈ អភិបាលរងខេត្តព្រៃវែង និងជាអនុប្រធានប្រចាំការក្រុមការងារចំណាកស្រុក បានធ្វើរបាយការណ៍ពីការងារប្រុងប្រៀបសព្វបែបយ៉ាងរបស់ស្រុកក្រុងទាំងអស់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករ ពលករចំណាកស្រុកដែលវិលត្រឡប់មកចូលរួមបោះឆ្នោតតាមឃុំសង្កាត់ទាំង១១៦ និងការចូលរួមពិភាក្សាយ៉ាងផុលផុសពីអង្គប្រជុំទាំងមូលរួចមក លោករដ្ឋ មន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារចំណាកស្រុកខេត្តព្រៃវែង បានថ្លែងកោតសរសើរដល់កិច្ចសហការល្អប្រសើររវាងក្រុមការងារចំរុះតាមមូលដ្ឋាននីមួយៗ ក្នុងការត្រៀមលក្ខណៈជួយសម្រួលដល់ដំណើរការវិលត្រឡប់មកចូលរួមបោះឆ្នោតរបស់បងប្អូនកម្មករ ពលករចំណាកស្រុក។

ថ្លែងមតិបូកសរុបកិច្ចប្រជុំ លោករដ្ឋមន្រ្តីប្រធានក្រុមការងារបានគូសបញ្ជាក់ពីកិច្ចការសំខាន់ៗ ដែលត្រូវបន្តជំរុញអនុវត្តតាមផែនការសកម្មភាពដែលបានកំណត់ស្រាប់ គឺត្រូវយកអស់លទ្ធភាពនៃកំលាំងសរុប និងមធ្យោបាយសរុបនៅមូលដ្ឋាន សំដៅបង្កឱកាសនិងលក្ខណៈងាយស្រួលសព្វបែបយ៉ាងសម្រាប់ឱ្យបងប្អូនកម្មករ ពលករចំណាកស្រុក និងក្រុមញាតិគ្រួសារ បានចូលរួមបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើម ជោគជ័យសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នំា២០២២ ខាងមុខនេះជាក់ជាមិនខាន៕