(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ ប្រធានសាខាបក្សភូមិ គណបក្សប្រជាជនកម្ពុជា ចំនួន១១៥ នាក់ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលពិធីនេះ ប្រព្រឹត្តនៅមន្ទីរគណបក្សខណ្ឌឫស្សីកែវ «គ៧៧»។
ពិធីខាងលើធ្វើឡើង ក្នុងគោលបំណងដើម្បី ដាក់ផែនការឆ្ពោះទៅរកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យស្របទៅតាមការរៀបចំរបស់ គ.ជ.ប។
លោកបណ្ឌិត អូស្មាន ហាស្សាន់ បានរំលឹកដល់អង្គប្រជុំថា «បើគណបក្សយើងឈ្នះ យើងឈ្នះទាំងអស់គ្នា តែបើគណបក្សយើងចាញ់ យើងចាញ់ទាំងអស់គ្នា ដូចច្នេះយើងត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីទទួលបានជ័យជំនះ សម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ»។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រធានសាខាបក្សភូមិ របស់គណបក្សដែលបានខិតខំប្រឹងប្រែងកន្លងមក ហើយក៏បានជំរុញដល់អង្គពិធីទាំងអស់ ឲ្យចូលរួមឲ្យសកម្មបន្ថែមទៀតក្នុងការបំពេញតួនាទីរបស់ខ្លួន ព្រោះទាំងអស់គ្នា ជាផ្នែកមួយដ៏សំខាន់សម្រាប់គណបក្សប្រជាជនកម្ពុជា៕